ភ្នំពេញ ៖ បុរសជាអ្នកដើរសុំទានម្នាក់ ផ្ទុះកំហឹងខឹងសុំលុយ១មុឺនរៀលពីស្ត្រីម្នាក់ ដែលកំពុងឈប់រថយន្តនិយាយទូរស័ព្ទមិនបាន បែជាវាយកញ្ចក់រថយន្តបែកខ្ទេច ផ្អើលប្រជាពលរដ្ឋ ជួយចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៤និង០៥នាទីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្សុី ជាប់របងព្រលានយន្តហោះ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសខាងលើមានឈ្មោះ ឃួក ចាន់រ័ត្ន អាយុ៣៤ឆ្នាំ មុខរបរដើរសុំទាន ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកLexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-0487 បើកបរដោយស្ត្រីម្នាក់ ពីលិចទៅកើត ដល់ចំណុចកើតហេតុ បើកអែបឈប់កៀនខាង ចុចបើកកញ្ចក់ ហើយទាញទូរស័ព្ទមកនិយាយ ស្រាប់តែជនសង្ស័យ ជាអ្នកសុំទាន ដើរទៅក្បែរ សុំលុយស្ត្រីខាងលើចំនួន១មុឺនរៀល តែស្ត្រីរូបនោះមិនឱ្យ សួរថា១ពាន់រៀលយកអត់ បែជាជនសង្ស័យផ្ទុះកំហឹងខឹងថាឱ្យលុយតិចពេក ស្ទុះវាយកញ្ចក់រថយន្តបណ្តាលឱ្យបែក បង្កឱ្យផ្អើលឆោឡោ ពលរដ្ឋក្បែរខាងជួយចាប់ឃាត់ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់នាំយកទៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.