តូក្យូ៖ មន្ត្រីបាននិយាយថា មនុស្សម្នាក់បានស្លាប់ និងមនុស្ស ៧នាក់ទៀត បាននឹងកំពុងបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា បន្ទាប់ពីហេតុការណ៍ឧទ្ធម្ភាគចក្រយោធាជប៉ុន ២គ្រឿង បានបុកគ្នាមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យកងកម្លាំងស្វ័យការពារជប៉ុន (SDF) បានបញ្ជាក់អំពីឧប្បត្តិហេតុកាលពីល្ងាចថ្ងៃសៅរ៍ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ហើយបាននិយាយថា មនុស្សម្នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែក្រោយមកត្រូវបានបញ្ជាក់ថា បានស្លាប់។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បានប្រទះឃើញអ្វីដែលគេជឿថា ជាផ្នែកនៃយន្តហោះយោធានៅក្នុងសមុទ្រ ហើយយើងជឿថា ឧទ្ធម្ភាគចក្រទាំង២ ពិតជាបានធ្លាក់។

លោក Kihara បានប្រាប់អ្នកយកព័ត៌មានថា «នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែជាដំបូង យើងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះជីវិតមនុស្ស»។ ប៉ុន្ដែ លោក Kihara ក៏បាននិយាយផងដែរថា «ក្រសួងការពារជាតិជប៉ុន បានរកឃើញប្រអប់ខ្មៅដែលនៅក្បែរនោះ ដូច្នេះឧទ្ធម្ភាគចក្រនោះគឺ បានបុកគ្នា»។

ដោយឡែកក្រុមមន្រ្តីបាននិយាយថា ឧទ្ធម្ភាគចក្រទាំង២ បានជួបឧបទ្ទវហេតុ អំឡុងពេលហ្វឹកហាត់ទប់ទល់នាវាមុជទឹកនាពេលយប់ ចេញពីកោះ Izu ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈក្រសួងការពារជាតិជប៉ុនយកបានឧបករណ៍កត់ត្រាទិន្នន័យហោះហើរហើយ និងកំពុងតែវិភាគរកមូលហេតុដែលបណ្ដាលឱ្យឧទ្ធម្ភាគចក្រទាំង២គ្រឿងធ្លាក់ ក្នុងនោះរួមមានទាំងលទ្ធភាពនៃការបុកគ្នាលើផ្ទៃអាកាស។

បើតាមទូរទស្សន៍ NHK បានរាយការណ៍ថា ទាក់ទងជាមួយឧទ្ធម្ភាគចក្រ១គ្រឿង បានដាច់កាលពីម៉ោង ១០៖៣៨នាទីយប់ថ្ងៃសៅរ៍ នៅក្បែរកោះ Torishima ហើយប្រមាណជា ២៥នាទីក្រោយមក គឺប្រហែលនៅម៉ោង ១១៖០៤នាទីយប់ថ្ងៃដដែល កងកម្លាំងស្វ័យការពារជប៉ុន បានដឹងថា ការទាក់ទងជាមួយ ឧទ្ធម្ភាគចក្រ១គ្រឿងទៀត ក៏បានដាច់នៅតំបន់ដូចគ្នានោះផងដែរ។

គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០២៣ ឧទ្ធម្ភាគចក្រយោធាជប៉ុន ១គ្រឿង ផ្ទុកមនុស្ស ១០នាក់ បានធ្លាក់នៅក្បែរកោះ Miyako នៃខេត្ត Okinawa បណ្ដាលឱ្យស្លាប់ទាំងអស់គ្នា។ រីឯកាលពីខែមករា ឆ្នាំ២០២២ យន្តហោះចម្បាំងជប៉ុន១គ្រឿង បានធ្លាក់ចូលសមុទ្រនៅក្បែរតំបន់ Ishikawa ផ្តាច់ជីវិតពីឡុត២នាក់។ កាលពីខែវិច្ឆិកា ឆ្នាំមុន យន្តហោះ Osprey ១គ្រឿង របស់យោធាអាមេរិក ក៏បានធ្លាក់ចូលសមុទ្រនៅប្រទេសជប៉ុនផងដែរ ហើយបណ្តាលឱ្យមនុស្ស៨នាក់ ដែលជិះនៅលើនោះ ស្លាប់ទាំងអស់។

សូមជម្រាបថា បច្ចុប្បន្នប្រទេសជប៉ុន កំពុងជំរុញការចំណាយលើវិស័យការពារជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ី ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការអះអាងរបស់ចិន នៅក្នុងតំបន់ និងជាមួយប្រទេសកូរ៉េខាងជើង ដែលមិនអាចទាយទុកជាមុនបាន៕

ប្រភព​៖ CNA

Share.