កណ្តាល ៖ ម៉ូតូស្កុបពី មួយគ្រឿងជិះដោយក្មេងស្រី២នាក់ ជ្រុលបុកគ្នាជាមួយម៉ូតូស្កុបពីមួយគ្រឿងទៀតជិះដោយបុរសម្នាក់ ច្រាសទិស បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ក្មេងស្រី២នាក់រងរបួសស្រាល ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅផ្លូវបេតុង ក្នុងភូមិតាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងម៉ូតូស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ 1KH-8387 បើកដោយឈ្មោះ សុខ រើនលីកា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ រួមដំណើរជាមួយ ឈ្មោះ រស់ សុម៉ាវតី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិជាមួយគ្នា ។ ចំណែកភាគីខាងម៉ូតូ ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1V-7930 ជិះដោយឈ្មោះ នៅ ឡេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រាំងពោធិ៍ ឃុំពត់ស ស្រុកបាទី ស្រុក ខេត្តតាកែវ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូជិះដោយក្មេងស្រី ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកគ្នាជាមួយភាគីខាងម៉ូតូជិះដោយបុរសម្នាក់ ច្រាសទិសគ្នា បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ បាក់ភ្លៅឆ្វេង ខាងក្មេងស្រី២នាក់រងរបួសស្រាល។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តប្រតិបត្តិស្រុកកណ្តាលស្ទឹង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូទាំង២គ្រឿងសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.