សិល្បៈជាតិ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកោះហៅតារាចម្រៀង សួន សុវណ្ណចន្នី ឱ្យចូលខ្លួនមកបំភ្លឺការពិតក្រោយបង្ហោះចោទប្រកាន់គ្មានមូលដ្ឋាននៅលើបណ្ដាសង្គមហ្វេសប៊ុកលើគណនីផ្ទាល់ខ្លួនដោយបានអះអាងថា ក្រុមគ្រួសាររបស់លោករងគ្រោះព្រោះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មិនព្រមទទួលពាក្យបណ្ដឹងជាច្រើនលើក រហូតធ្វើឱ្យគ្រួសាររបស់លោកជាប់ឈ្មោះជាជនសង្ស័យ នឹងត្រូវភាគគីខាងបង្ករហេតុបង្គាប់ឱ្យសងសំណងរហូតទៅដល់ ៩០០០ ដុល្លារ។

ករណីនេះ តារាចម្រៀង សួន សុវណ្ណចន្នី បានបង្ហោះសារយ៉ាងដូច្នោះ៖ «ខ្ញុំពិតជាមានការឈឺចាប់ជាខ្លាំង ដែររឿងនេះធ្លាក់មកលើគ្រួសារខ្ញុំ អយុត្តិធម៌ពេកហើយ ដែរគ្រួសារខ្ញុំពិតជាទទួលយកមិនបាន អាក្រក់មកជាល្អ សទៅជាខ្មៅ គ្រួសារខ្ញុំជាជនរងគ្រោះ បែបជាមកមានឈ្មោះជាជនសង្ស័យទៅវិញ ខ្ញុំសូមឱ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនគ្រួសារខ្ញុំផង ហេតុអីបានជាស្នងការខេត្តព្រះសីហនុ មិនទទួលពាក្យបណ្តឹងខាងគ្រួសារខ្ញុំទេ រហូតដល់ពួកខ្ញុំព្យាយាមម្តងហើយម្តងទៀត ទើបព្រមទទួលពាក្យបណ្តឹង មិនត្រឹមតែប៉ុណ្ណឹង ទោះខំតវ៉ា យ៉ាងណាក៏នៅតែកាន់ជើងខាង ភាគគីខាងបង្ករហេតុ ឱ្យសងសំណងរហូតទៅដល់ 9000$ ទើបព្រមជួបចរចា នេះគេហៅថា ជំរិតប្រាប់ហើយ មិនមែនដោះស្រាយតាមច្បាប់ជូនប្រជាពលរដ្ឋទេ តើនេះសន្តិភាពសង្គម រឺជាបក្សពួកនិយមសង្គម ដែរតែងតែ កៀបសង្កត់អ្នកដែរគ្មានបុណ្យស័ក្ក ដូចជាគ្រួសារខ្ញុំ ជាចុងក្រោយសុំឱ្យថ្នាក់ដឹកនាំផ្សេងៗ ជួយរកយុត្តិធម៍ជូនគ្រួសារខ្ញុំបាទផង ពីខ្ញុំបាទ សួន សុវណ្ណចន្នី »។

បន្ទាប់ពីមានការបង្ហោះរបស់តារាចម្រៀង សួន សុវណ្ណចន្នី រួចមក គេឃើញមានបណ្ដាផេកព័ត៌មានមួយចំនួនបានយកសំណេរនេះទៅបង្ហោះបន្ត រហូតមានការប្រតិកម្មភ្លាមៗចេញពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ដោយក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហោះបញ្ជាក់យ៉ាងដូច្នោះ៖ 

«ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមធ្វេីការច្រានចោល ការផ្សាយរបស់គេហទំព័រ DTV HotNews ដែលបានយកអត្ថបទ របស់ឈ្មោះ សួន សុវណ្ណចន្នី មកផ្សាយបន្តដែលមិនទាន់មានមូលដ្ឋានច្បាស់លាស់ ទាំងដែលក្នុងអត្ថបទផ្សាយបន្តនោះ គឺបានចោទប្រកាន់មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមិនព្រមទទួលពាក្យបណ្ដឹងរហូតព្យាយាមម្តង ជាពីរដងទើបព្រមទទួលពាក្យបណ្តឹង។ 

សូមបញ្ជាក់ថា ករណីខាងលើនេះ ស្នងការដ្ឋាន​ បានទទួលពាក្យបណ្តឹងភ្លាមៗ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២១និង១០នាទីមកម្លេះ សមត្ថកិច្ចជំនាញបានចំណាត់ការបណ្តឹងតាមនីតិវិធីដោយការកោះហៅភាគីទាំងពីរមកសម្របសម្រួលជាច្រើនលើកច្រើនសារ តែភាគីទាំងពីរនៅតែពុំព្រមទទួលយកដំណោះស្រាយក្នុងតំណាក់កាលនគរបាលយុត្តិធម៌ ទើបសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការនីតិវិធីបន្ត។ បច្ចុប្បន្នសំណុំរឿងនេះ ក៏កំពុងតែស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការផងដែរ ។

យ៉ាងណាមិញ ករណីឈ្មោះ សួន សុវណ្ណចន្នី​ ដែលបង្ហោះពាក្យពេចន៍ខាងលើ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវទាក់ទងឈ្មោះនេះឲ្យបំភ្លឺជុំវិញករណីឲ្យកែម្រួលព័ត៌មានខាងលើ ឬចូលខ្លួនមកបំភ្លឺនេះក្នុងផេករបស់ខ្លួនផងដែរ»។

ដោយឡែករហូតមកទល់ព្រឹកថ្ងៃទី ២២ មេសា នេះ  នៅមិនទាន់មានការបកស្រាយបញ្ជាក់បន្ថែមទៀតពីសាមីខ្លួនតារាចម្រៀង សួន សុវណ្ណចន្នី ថាបានចូលខ្លួនទៅបំភ្លឺហើយឬគ្មានយ៉ាងណានោះទេ សារព័ត៌មានត្រយងបានទំនាក់ទំនងលោកក្នុងការបញ្ជាក់បន្ថែម ប៉ុន្តែនៅមិនទាន់មានការឆ្លើយតប៕

Share.