ភ្នំពេញ ៖ ផ្ទះមួយល្វែងខណៈដែលម្ចាស់មិននៅ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ ទាំងទ្រព្យសម្បត្តិ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ តាមផ្លូវលំ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អ៊ុក សុខុម ភេទស្រី អាយុ៧០ឆ្នាំ រស់នៅផ្ទះកើតហេតុ សាងសង់អំពីថ្ម ទំហំ៣ម៉ែត្រx៨ម៉ែត្រ ត្រូវបានភ្លើងឆេះរងខូចខាតអស់ទាំងស្រុង។

តាមសមត្ថកិច្ចបានឱ្យដឹងថា ខណៈដែលម្ចាស់ផ្ទះមិននៅ ចាក់សោ រវល់ទៅផ្ទះកូនចៅ បងប្អូន ស្រាប់តែអគ្គិភ័យឆាបឆេះ សន្ធោសន្ធៅឡើង បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋអ្នកភូមិ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ដើម្បីសុំការអន្តរាគមន៍ ខ្លាចភ្លើងឆេះរាល។

បន្ទាប់ពីកើតគ្រោះអគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចេញទៅជួយអន្តរាគមន៍បន្តបន្ទាប់ បាញ់ទឹកពន្លត់ភ្លើង បង្កាការពារឆេះរាលទៅផ្ទះផ្សេង ។ ចំពោះមូលហេតុ មិនទាន់ដឹងថាមកពីទុស្សេចរន្តអគ្គិសនីឬមកពីអ្វីនោះទេ សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.