រាជរដ្ឋាភិបាលបានអនុម័តផ្ដល់ថវិកាបន្ថែមចំនួន ១៧០លានដុល្លារ សម្រាប់រយៈពេល៤ឆ្នាំ គឺឆ្នាំ ២០២៤ ដល់ ឆ្នា២០២៧ ដើម្បីពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែកថ្នាក់ស្រុកឲ្យដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សម្រាប់តម្រូវការសង្គ្រោះបឋម និងព្យាបាលជំងឺទូទៅផ្សេង។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្ដេចធិបតីហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីសម្រេចផែនការសកម្មភាពខាងលើ លោកបានផ្ដល់អនុសាសន៍ក្នុងការកំណត់នូវគោលដៅធំៗចំនួន៤ដែលក្នុងនោះរួមមាន ទី១ កែលម្អឲ្យប្រសើរឡើងនូវគុណភាពផ្ដល់សេវា ឲ្យឆ្លើយតបតាមការរំពឹងទុករបស់ប្រជាពលរដ្ឋ។ ទី២ បង្កើនសមត្ថភាព ផ្ដល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ទី៣ បង្កើនលទ្ធភាពជួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងជំងឺលើសឈាម និងទឹកនោមផ្អែម ជាពិសេសផ្ដោតសំខាន់ទៅលើប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ និងទី៤ បង្កើនបុគ្គលិកនៅតាមមណ្ឌលសុខភាព ឆ្ពោះទៅរកការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ពេញ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍។ ពោលគឺ មានមន្ទីពេទ្យ ត្រូវមានគ្រូពេទ្យប្រចាំការ និងមានជាប្រចាំថ្ងៃឥតមានអាក់ខាន។

បច្ចុប្បននេះរាជរដ្ឋាភិបាលកំពុងជំរុញឲ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ជ្រើសរើសគ្រូពេទ្យបន្ថែមជិត ២០០០ នាក់ទៀត ដើម្បីគាំទ្រដល់ផែនការខាងលើ។

គួរបញ្ជាក់ផងដែរថា ដើម្បីជំរុញនយោបាយបច្ចកោណឲ្យសម្រេចទិសដៅបាន រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ចំនួច។ ហើយចំណុចដំបូងគេបង្អសើគឺ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.