សិល្បៈជាតិ​៖ តារា​ចម្រៀង​ជើង​ចាស់​ លោក ទិត្យ​ វិច្ឆិកា បាន​ចេញ​មក​និយាយ​បែប​នេះ​ក្រោយ​កូន​ប្រុស​សម្លាញ់​បាន​ធ្លាក់​ចេញ​ពី​កម្មវិធី​ប្រកួត​ចម្រៀង Beat The Best ​របស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​។

តាម​ពិត​បេក្ខជន​រូប​សង្ហា ផុន អាព្រិលករុណា ដែល​ទើប​តែ​របូតចេញ​ពី​កម្មវិធី​ប្រកួត​គឺ​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ ទិត្យ វិច្ឆិកា ដែល​ជា​តារា​ចម្រៀង​ជើង​ចាស់ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​បង្គួរ​មួយ​រូប​។ ដំបូង​ឡើយ​មិន​មាន​អ្នក​ដឹង​ទេថា​ បេក្ខជន​ ករុណ មាន​ឈាម​ជ័រជា​អ្នក​ចម្រៀង​ ព្រោះ​បេក្ខជន​រូប​នេះ មិន​បាន​អួតអាង ឬ​ប្រាប់​គេ​ឱ្យ​ដឹង​ពី​សាវតា​ខ្លួន​ ថា​ជា​កូន​ប្រុស​របស់​តារា​ចម្រៀង​ ទិត្យ វិច្ឆិកា​។​

យ៉ាងណា​មិញ​ ក្រោយ​ពី​ ករុណា ធ្លាក់​ពី​កម្មវិធី​​ប្រកួត​ លោក​ឪពុក របស់​បេក្ខជន​​រូប​នេះ បាន​ចេញ​សារ​លើក​ទឹក​ចិត្ត​កូន​ប្រុស​របស់​ខ្លួន​ ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ និង​បាន​ដឹង​ការ​ពិត​ថា​ ផុន​ អាព្រិល​ករុណា មាន​ឈាម​ជ័រ​សិល្បៈ​។

លោក​ ទិត្យ វិច្ឆិកា បាន​សរសេរ​ថា​៖ «​លើក​ក្រោយ​សាកល្បង​នឹង​ព្យាយាម​ម្តង​ទៀត​ ​អ្វី​ដែល​សំខាន់​ត្រូវ​ប្រឹង​ហ្វឹកហាត់​ប្រើ​សម្លេង​បន្ថែ​ម​អោយ​បាន​ល្អ​…​ខ្ញុំ​បាទ​ ​ទិត្យ​ ​វិច្ឆិកា​ ​សូម​អរគុណ​ប្អូន​ៗ​ដែល​ជា​គណៈ​កម្មការ​ទាំង​បួន​ដួង​ដែលបាន​ផ្តល់​ពិន្ទុ​យ៉ាង​សុក្រឹត​សំរាប់​បេក្ខជន​គ្រប់​រូប​ … ​បង​គោរព​ស្រលាញ់​ប្អូន​ៗ​ទាំងអស់​គ្នា​…​ពេល​នេះ​កូន​ប្រុស​របស់​បង​ ​គួរ​តែ​ប្រើ​ពាក្យ​ ​លោក​ពូ ​អ្នក​មីង​ ​ទៅ​កាន់​ប្អូន​ៗ​វិញ​បាន​ហើយ​ ​ព្រោះ​និយាយ​ពី​ការ​គោរព​ ​ផុន​ អាព្រិល​ករុណា​គឺ​ជា​ក្មួយ​របស់​ប្អូន​ៗ​… ហើយ​បង​ក៏​សុំទោស​ប្អូន​​ៗ​ដែរ​ ​ព្រោះ​ពេល​ដែល​គាត់​ទៅ​ប្រលង​ ​បង​មិន​បាន​អនុញាត​អោយ​គាត់​បង្ហាញ​ថា​គាត់​ជា​កូនប្រុស​របស់​បង​🙏🙏🙏​​​​ទោះ​បី​ជា​កូនប្រុស​មិន​បាន​ទៅ​កាន់​វគ្គ​បន្ត​ក៏​ដោយ​ ​តែ​ប៉ា​មាន​មោទន​ភាព​ណាស់​ដែល​កូន​ប្រុស​បាន​ទៅ​ឈរ​ប្រលង​នៅ​លើ​ឆាក​របស់​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស​ ​ពិត​ជា​មាន​តំលៃ​សំរាប់​ប៉ា​ខ្លាំង​ណាស់​💕»

សូម​ជម្រាបជូនថា​ បេក្ខជន ផុន អាព្រិល​ករុណា បាន​លើក​យក​បទ​ចម្រៀង​ «បើ​ក្បត់​ម្ដេច​ឱ្យ​ចាំ​» មក​បកស្រាយ​នៅ​ក្នុង​ការ​ប្រកួត​នា​សប្ដាហ៍កន្លង​ទៅ មុន​នឹង​ចាក​ចេញ​ពី​កម្មវិធី​ប្រកួត​ Beat The Best របស់​ទូរទស្សន៍​ហង្ស​មាស​៕

Share.