ខ្លឹមសារ​នៅ​ក្នុង​សេចក្ដី​ណែនាំ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០២៤ និង​បញ្ចេញ​នៅ​លើ​ក្រុម​តេលេក្រាម​ផ្លូវការ​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​រាជរដ្ឋាភិបាល​នៅ​ថ្ងៃ​ទី ២១ មាន​សេចក្ដី​ថា បច្ចុប្បន្ន ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​កំពុង​ទទួល​រង នូវ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ពី​បាតុភូត​អែលនីណូ(El Nino) ដោយ​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ជា​ពិសេស​គ្រោះ​រាំងស្ងួត ដោយសារ​ធាតុអាកាស​មាន​សភាព​ក្ដៅ​ហួតហែង​ខ្លាំង ហើយ​រដូវ​វស្សា​នឹង​ឈាន​មក​ដល់ ដោយ​មាន​ភាព​យឺតយ៉ាវ​ខុស​ប្រក្រតី ចំណែក​ទឹក​ទន្លេ​មេគង្គ​មាន​ការ​ប្រែប្រួល ពោល​គឺ​ស្រក​ចុះ​ខ្លាំង ដែល​ជា​ហេតុ​នាំ​ឱ្យ​តំបន់​មួយ ចំនួន​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ទទួល​ទាន​ជា​ប្រចាំ​ថ្ងៃ​។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ណែនាំ​ដល់ មន្ត្រី​គ្រប់​លំដាប់​ថ្នាក់ រាប់​តាំង​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​បច្ចេកទេស ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ និង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជធានី ខេត្ត នូវ​វិធានការ​មួយ​ចំនួន ដែល​ក្នុង​នោះ​រួម​មាន​៖

១. ត្រូវ​ចាត់​មន្ត្រី​ដើម្បី​ចុះ​ពិនិត្យ​មើល ស្រះ​ទឹក អណ្ដូង និង​មាន​វិធាន​ការ​ចាំបាច់ ព្រម​ទាំង​ផ្ដល់ កិច្ច​អន្តរាគមន៍​បន្ទាន់ ក្នុង​ករណី​អណ្ដូង​ខូច និង​ស្រះ​ទឹក​រីង​ស្ងួត​។​ល​។ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ខ្វះខាត ទឹក​ប្រើប្រាស់ និង​ទឹក​បរិភោគ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

២. ត្រូវ​ធ្វើ​ការ​ណែនាំ និង​អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ដែល​ងាយ រង​គ្រោះ​ដោយសារ​កង្វះ​ខាត​ទឹក ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ថែរក្សា​ប្រភព​ទឹក និង​ការ ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​។

៣. ត្រូវ​ទំនាក់ទំនង​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍​នានា អង្គការ​បរទេស និង​ក្នុង​ស្រុក ដើម្បី​ជួយ​ជា​​វិធានការ និង​ផ្ដល់​កិច្ច​អន្តរាគមន៍​ភ្លាមៗ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់

និង​ទឹក​បរិភោគ​។

៤. រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ចុះ​ជួយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជធានី ខេត្ត​ទាំង​អស់ ត្រូវ​ដឹកនាំ​ត្រួត​ពិនិត្យ​ការ​ផ្គត់ផ្គង់​ទឹក​ជនបទ និង​ចាត់​វិធានការ​អន្តរាគមន៍​បន្ទាន់​ក្នុង​ករណី​ប្រជាពលរដ្ឋ នៅ​ជនបទ​ត្រូវ​ការ​។

៥. ត្រូវ​ធ្វើ​របាយការណ៍ និង​រាយការណ៍​ជា​ប្រចាំ​មក​ក្រសួង ដើម្បី​មាន​វិធាន​ការ​បន្ទាន់​។ ទទួល​បាន​សេចក្ដី​ណែនាំ​នេះ មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​បច្ចេកទេស ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ និង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជ​ធានី ខេត្ត ត្រូវ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពី​ដើម​ខែ​មីនា មក​ត្រឹម ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៤ សីតុណ្ហភាព​អាកាសធាតុ​ស្ថិត​ក្នុង​រង្វង់ ២៥ ទៅ ៣៧ អង្សា (C) ប៉ុន្តែ​ជា​ញឹកញាប់ ថ្ងៃ​ខ្លះ​អាច​ហក់​ឡើង​ដល់ ៣៨-៣៩ អង្សា (C) ដែល​ជា​សីតុណ្ហភាព​មួយ​ក្ដៅ​ខ្លាំង។ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០២៣ ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ សីតុណ្ហភាព​អតិបរមា​ប្រហែល ៣៥​-​៣៧ អង្សា (C) យូរៗ​ម្ដង អាច​ឡើង​ដល់ ៣៨ អង្សា (C) ។ បើ​ទោះ​បី​ជា​សីតុណ្ហភាព​មិន​សូវ​ខុស​គ្នា​ឆ្ងាយ​ពិត​មែន ប៉ុន្តែ​ដោយ​សារ​ឥទ្ធិពល​ពី​បាតុភូត​អែលនីណូ(El Nino) ធ្វើ​ឲ្យ​ធាតុអាកាស​មាន​សភាព​ក្ដៅ​ហួតហែង​ខ្លាំង​។

Share.