ថ្ងៃ​ទី​២២ ខែ​មេសា ជា​រៀង​រាល់​ឆ្នាំ គឺ​ជា​ទិវា​អន្តរជាតិ​ដើម្បី​ភព​ផែន​ដី ដែល​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​មនុស្ស​ក្នុង​សកលលោក​ឲ្យ​នឹក​ឃើញ​ពី​កិច្ច​ការពារ​បរិស្ថាន និង​និរន្តរភាព​លើ​ភព​ផែនដី​។ តាម​រយៈ​ទិវា​នេះ គឺ​បាន​បើក​ឱកាស​ឲ្យ​សកម្មជន និង​អ្នក​ស្រលាញ់​បរិស្ថាន​បាន​ជួប​ជុំ ជជែក​គ្នា និង​ផ្សព្វផ្សាយ​អំពី​បញ្ហា​ធ្ងន់ធ្ងរ​នានា ដែល​ផែនដី​កំពុង​ប្រឈម និង​ដំណោះស្រាយ​ចំពោះ​មុខ និង​រយៈ​ពេល​យូរអង្វែង​។

បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​បរិស្ថាន ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​នានា បច្ចុប្បន្ន​នេះ ភព​ផែនដី​កំពុង​រង​នូវ​ការ​ញាំញី​ជា​ច្រើន​សន្ធឹក និង​គំរាមកំហែង​ដល់​និរន្តរភាព​របស់​វា​។ ទោះ​ជា​យ៉ាង​ណា​គេ​បាន​កត់សម្គាល់​នូវ​បញ្ហា​ប្រឈម​ចម្បង​ៗ​ចំនួន​៥ ដែល​កំពុង​គំរាមកំហែង​ភព​ផែនដី​ខ្លាំង​ជាង​គេ​។ ក្នុង​នោះ​រួម​មាន​៖

ទី១ ភាព​ហិនហោច​នៃ​ព្រៃឈើ និង​កើន​ឡើង​កម្ដៅ

បច្ចុប្បន្ន​នេះ​ព្រៃ​ឈើ​លើ​ភព​ផែនដី​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា នៅ​សល់​ក្នុង​រង្វង់​ជាង ៤ ពាន់​លាន​ហិកតារ ស្មើ​នឹង ២៨ ទៅ ៣០ភាគរយ​នៃ​ផ្ទៃ​ដី​គោក​សរុប​។ ព្រៃ​ឈើ​នៅ​តែ​បន្ត​រួម​តូច​ទៅៗ​ពី​មួយ​ទសវត្សរ៍​ទៅ​មួយ​ទសវត្សរ៍ ដែល​ជា​មូលហេតុ​មួយ​បង្ក​ឲ្យ​កើន​ឡើង​នូវ​បរិមាណ​កាបូន​ឌីអុកស៊ីត​ក្នុង​បរិយាកាស ហើយ​ស្រទាប់​អូហ្សូន​កាន់​តែ​ស្ដើង នាំ​ឲ្យ​កើន​ឡើង​កម្ដៅ​ភព​ផែនដី​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ការ​បាត់បង់​ព្រៃ​ឈើ​ក៏​បាន​ធ្វើ​ឲ្យ​សត្វ​ព្រៃ និង​ភាវរស់​ផ្សេងៗ​កាន់​តែ​ហោច​ទៅៗ និង​ឈាន​ទៅ​រក​ការ​ផុត​ពូជ​។

ទី២ ការ​បំពុល​ខ្យល់

កំណើន​យានយន្ត​ប្រើ​ឥន្ធនៈ​ដុត និង​រោងចក្រ​ឧស្សាហកម្ម​ធំៗ ជា​ពិសេស​រោងចក្រ​ផលិត​ថាមពល បាន​បញ្ចេញ​ផ្សែង និង​ឧស្ម័ន​ដែល​មាន​ធាតុ​ពុល​យ៉ាង​សន្ធឹក​ទៅ​ក្នុង​បរិយាកាស​។ ក្រៅ​ពី​នេះ​ការ​ប្រើប្រាស់​ថ្នាំ​ពុល​កសិកម្ម និង​កំណើន​នគរោបនីយកម្ម​សំណង់ បង្កើត​ជា​ធូលី​ហុយ​សាយភាយ​ក្នុង​ខ្យល់​ក៏​កំពុង​ប្រឈម​ផងដែរ​។ វា​បាន​ធ្វើ​ឲ្យ​ខូច​គុណភាព​ខ្យល់ ជា​ពិសេស​នៅ​តាម​ទីក្រុង ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិយាកាស​ភព​ផែនដី និង​សុខភាព​មនុស្ស​។

ទី៣ ការ​បំពុល​ទឹក

ភព​ផែនដី​យើង​គ្រប់​ដណ្ដប់​ដោយ​ទឹក​ប្រមាណ​ជា​ជាង ៧០​ភាគរយ ហើយ​ទឹក​សាប មាន​តែ៣ ភាគរយ​ប៉ុណ្ណោះ​។ ទឹក​ក៏​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​សត្វ​ដូច​ខ្យល់​ដែរ​។ បច្ចុប្បន្ន​នេះ​ការ​បង្ហូរ​ទឹក​កខ្វក់ ដែល​ផ្ទុក​ធាតុ​ពុល ធាតុ​គីមី និង​ធាតុ​សរីរាង្គ​គ្រោះ​ថ្នាក់ ចូល​ទៅ​ក្នុង​ស្ទឹង បឹង ទន្លេ និង​សមុទ្រ រួម​ទាំង​ទឹក​ភ្លៀង​ដែល​មាន​ជាតិ​ពុល​ដោយ​សារ​ការ​បំពុល​ខ្យល់​ផង កំពុង​តែ​បំផ្លាញ​គុណភាព​ប្រភព​ទឹកសាប​លើ​ផែន​បន្តិច​ម្ដងៗ​។ ជា​មួយ​គ្នា​នេះ ការ​ជីក​រ៉ែ និង​ការ​បុក​គ្រឹះ​សំណង់​អគារ​ធំៗ និង​ខ្ពស់ៗ ក៏​កំពុង​បំផ្លាញ​ប្រភព​ទឹក​ក្រោម​ដី​យ៉ាង​គ្រោះ​ថ្នាក់​។

ទី៤ ការ​ទាញ​ធនធាន​ធម្មជាតិ

ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ ព្រោះ​តែ​បាន​មក​ពី​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​។ ការ​ជីក​ភ្នំ​យក​ថ្ម និង​ផលិត​ស៊ីម៉ងត៍ ការ​កាយ​យក​អាចម៍ដី​ទៅ​ចាក់​ធ្វើ​អគារ​សំណង់ កាប់​ព្រៃឈើ ការ​ជីក​យក​រ៉ែ​ក្រោម​ដី ការ​ធ្វើ​កសិកម្ម​លើ​ដំណាំ​រយៈ​ពេល​ខ្លី លើ​ផ្ទៃ​ដី​ធំៗ និង​ប្រើប្រាស់​ជី និង​ថ្នាំ​កសិកម្ម​គិមី និង​អ្វីៗ​ផ្សេង​ទៀត កំពុង​ធ្វើ​ឲ្យ​ផែនដី​សឹក​រេចរឹល​បន្តិច​ម្ដងៗ ដោយ​មិន​ដឹង​ខ្លួន ហើយ​ធនធាន​ទាំង​នេះ​ត្រូវ​ការ​រយៈពេល​យូរ​អង្វែង​ទើប​កើត​ឡើង​វិញ ឬ​មិន​កើត​ឡើង​វិញ​តែ​ម្ដង​។

ទី៥ កំណើន​ប្រជាជន

នៅ​ដើម​សតវត្ស​ទី២០ ប្រជាជន​ពិភពលោក​មាន​ប្រមាណ​ជា ១​ពាន់៦រយ​លាន​នាក់ ហើយ​បាន​កើន​ឡើង​ដល់ ៧​ពាន់​៥​រយ​លាន​នាក់​នា​ពេល​បច្ចុប្បន្ន​។ តាម​ការ​ប៉ាន់ប្រមាណ​របស់​អ្នក​ជំនាញ នៅ​ឆ្នាំ ២០៥០ អាច​កើន​ដល់​ជិត ១​ម៉ឺន​លានាក់​។

មនុស្ស​ចេះ​តែ​កើត តម្រូវ​ការ​ចេះ​តែ​កើន ឯ​ធនធាន​ធម្មជាតិ​ចេះ​ហិនហោច​ទៅ ផែន​ដី​កាន់​តែ​រេចរឹល​បន្តិច​ម្ដងៗ ។ ទាំង​អស់​នេះ​គឺ​ជា​បញ្ហា​កំពុង​តែ​ព្រួយ​បារម្ភ​។

ដើម្បី​កាត់​បន្ថយ​ការ​គំរាម​កំហែង ដោយ​បញ្ហា​ដូច​បាន​លើក​ឡើង​ខាង​លើ​ប្រជាជន​រស់​នៅ​លើ​ផែនដី​ម្នាក់ៗ ត្រូវ​ចូលរួម​សកម្មភាព​ដូច​ជា​៖

១៖ ចូល​រួម​ដាំ​ដើម​ឈើ​ឲ្យ​បាន​ច្រើន តាម​រយៈ​ដាំ​ដោយ​ខ្លួន​ឯង​ផ្ទាល់ និង​បង្កើត ឬ​ចូលរួម​ក្នុង​យុទ្ធនាការ​ដាំ​ដើម​ឈើ​។

២៖ បង្កើត​យុទ្ធនាការ​សម្អាត​បរិស្ថាន និង​មិន​ត្រូវ​ចោល​សំរាម បង្ហូរ​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​ប្រភព​ទឹក​សាប និង​សមុទ្រ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​។

៣៖ កាត់​បន្ថយ ឬ​ទាញ​យក​ធនធាន​ធម្មជាតិ និង​ប្រើប្រាស់​វិធី​ធ្វើ​កសិកម្ម ឧស្សាហកម្ម ដោយ​ប្រុងប្រយ័ត្ន និង​ធានា​បាន​នូវ​និរន្តរភាព​គុណភាព​ដី និង​ធនធាន​ធម្មជាតិ​។

៤៖ បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​អំពី​បញ្ហា​ប្រឈម​របស់​ភព​ផែនដី កិច្ច​ការពារ​បរិស្ថាន និង​រក្សា​និរន្តរភាព​លើ​ភព​ផែនដី​។

៥៖ រដ្ឋ​នីមួយៗ ត្រូវ​បង្កើត​គោលនយោបាយ​បរិស្ថាន ដែល​បើក​ទូលាយ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​បាន​ថា ការ​អនុវត្ត​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ដោះស្រាយ​ឲ្យ​ចំ​គោលដៅ​បញ្ហា​កំពុង​ប្រឈម​នៅ​ក្នុង​រដ្ឋ​របស់​ខ្លួន​។

សូម​ជម្រាប​ថា ទិវា​អន្តរជាតិ​ភព​ផែន​ដី ប្រារព្ធ​ឡើង​ដំបូង​នៅ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ ១៩៧០ បើ​គិត​មក​ដល់​ឆ្នាំ ២០២៤ គឺ​ជា​ខួប​លើក​ទី ៥៤ ។

ប្រភព​ព័ត៌មាន​៖

Earthday.org, Economictime.indiatime.com, Ourworldindata.org, National Geographic, Unity.edu, Dw.com

អត្ថបទ៖ ឈិន ធារ៉ាត់

Share.