ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបដឹកទឹកកកមួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតបុកទ្រូងផ្លូវ ខ្ទេចរថយន្តទាំងស្រុង កៀបអ្នកបើកបររងរបួស កំពប់ទឹកកករាយប៉ាយពេញផ្លូវ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េឃ្លុប ដឹកទឹកកក ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-6361 បើកពីលិចទៅកើត ដល់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក ងោកមួយភាំង រេចង្កូតទៅបុកផ្ទប់ក្បាលនាគទ្រូងផ្លូវ បណ្តាលឱ្យរងខូចខាតខ្ទេចរថយន្តទាំងស្រុង កៀបជាប់អ្នកបើកបរ រងរបួស កំពប់ធ្លាក់ទឹកកករាយប៉ាយពេញផ្លូវ បាក់ស្លាកសញ្ញាចរាចរណ៍។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយគាស់យកចេញ បញ្ជូនទៅមន្ទីរពេទ្យ ចំណែកបំណែករថយន្ត ត្រូវបានសមត្ថកិច្ច ប្រមូលយកចេញដាក់កៀនខាង រងចាំដោះស្រាយផលប៉ះពាល់ជាក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.