ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ផឹកស្រាស្រវឹង ងើបដើរទៅផ្ទះបាត់ បងប្អូនស្មានថាទៅដេក គ្មានអ្នកចាប់អារម្មណ៍ ស្រាប់តែព្រឹកឡើងប្រទះឃើញចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង ៣០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងផ្ទះ ផ្លូវលំ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សុខ បូរ៉ា ហៅប៉ោះ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងគ្រឿងសង្ហារឹម ជាបុរសពោះម៉ាយ រស់នៅផ្ទះចំណុចកើតហេតុ តែម្នាក់ឯង តែមានផ្ទះសាច់ញាតិ បងប្អូន នៅក្នុងភូមិទាំងអស់ ។

តាមសាច់ញាតិ បានឱ្យដឹងថា ជនរងគ្រោះ ក្រោយពីលែងលះគ្នាជាមួយប្រពន្ធ ច្រើនឆ្នាំមកហើយរស់នៅផ្ទះតែម្នាក់ឯង ហើយកាលពីវេលាម៉ោង៨យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្រោយបញ្ចប់ផឹកសុីជុំគ្នាជាមួយបងប្អូន អស់ស្រាថ្នាំ២លីត្រ និងអស់៦កំប៉ុង គ្នា៤នាក់រួចមក ជនរងគ្រោះស្រវឹងងើបដើរទៅដេកនៅផ្ទះ ទើបគ្មានអ្នកណាចាប់អារម្មណ៍ លុះរហូតដល់វេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ប្អូនស្រីជីដូនមួយ ផ្ទះជាប់គ្នា បានបើកភ្លើង ដើរទៅបន្ទប់ទឹក ទើបប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅជាប់បង្អួច ក៏ស្រែកឆោឡោផ្អើលបងប្អូន នាំគ្នាងើបទៅស្រាយចំណង តែហួសពេលទៅហើយ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ច មូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង ហើយក្រុមគ្រួសារឪពុកម្តាយ ក៏មិនប្តឹងផ្តល់អ្វីដែរសុំឱ្យសមត្ថកិច្ចជួយធ្វើឯកសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.