នេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV Playoff ឆ្នាំ២០២៤ នេះបើយោងតាមការចេញផ្សាយដោយ Tennis Cambodia។

ប្រភពដដែលបានបន្ថែមថា បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតជើងឯកយុវជន ITF Asian Junior Championships លើកដំបូងមិនធ្លាប់មាន នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីសម្រាប់កីឡាវាយកូនបាល់កម្ពុជា ក្នុងការនាំយកព្រឹត្តិការណ៍កម្រិតពិភពលោកនេះ មករៀបចំនៅរាជធានីភ្នំពេញជាលើកដំបូង។

សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ នឹងមានអត្តពលិកមកពី៨ប្រទេសចូលរួម មានដូចជា៖ ប្រទេសគុយវ៉ែត, កៀហ្ស៊ីស៊ីស្ថាន, ស្រីលង្កា, អ៊ីរ៉ាក់, មីយ៉ាន់ម៉ា, កាតា, អារ៉ាប់ប៊ីសាអូឌីត និងម្ចាស់ផ្ទះកម្ពុជា។

ដោយឡែកសម្រាប់ការប្រកួតនឹងរៀបចំឡើងនៅថ្ងៃទី ៨ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ នៅទីលានវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ៕

Share.