ភ្នំពេញ ៖ បុរសជាអ្នករើសអេតចាយម្នាក់ កាចពេកហើយ បន្ទាប់ពីខឹងប្រពន្ធកញ្ឆក់យកកញ្ចប់គ្រឿងញៀនចេញ មិនឱ្យជក់ ទាញកាំបិតបុ័ងតោកាប់ រងរបួសរយះពោះខាងស្តាំ និងដៃស្តាំ ហូរឈាមស្រោចខ្លួន ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវលំ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ឡាយ ចន្ធូ អាយុ២៦ឆ្នាំ មុខរបរ ដើររើសអេតចាយ មានស្រុកកំណើតនៅភូមិសូរយោង ឃុំសូរយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកប្តីជាជនដៃដល់ ឈ្មោះ យឿង វាសនា ហៅខ្នា អាយុ៣៥ឆ្នាំ មុខរបរដើររើសអេតចាយ មានស្រុកកំណើតភូមិខ្ចៅទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ប្តីប្រពន្ធ ទាំង២នាក់ខាងលើ ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុ។

តាមប្រពន្ធនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ស្ត្រីជាប្រពន្ធ បានហៅតឿនប្តី ដើម្បីជួយអូសរទេះចេញទៅរករើសអេតចាយ ទាន់ពេលព្រឹក ក៏ប៉ុន្តែបុរសជាប្តី មិនព្រមទៅភ្លាមទេ ក៏ទាញយកថ្នាំញៀន មួយកញ្ចប់ មកបម្រុងជក់សិន ឃើញដូច្នោះជនរងគ្រោះ កញ្ឆក់យកថ្នាំញៀនចេញ ធ្វើឱ្យជនដៃដល់ខឹងទាញបានកាំបិតបុ័ងតោ កាប់លើប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ រយះពោះខាងស្តាំ និងដៃស្តាំ ហូរឈាមជោគខ្លួន អាវ ។

បន្ទាប់ពីឃើញអ្នកទាំង២ ឈ្លោះកាប់គ្នា អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ច ប្រជាការពារ ចុះទៅឃាត់ចាប់ខ្លួនជនសង្ស័យនាំយកទៅប៉ុស្តិ៍ ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី ។ ចំណែកស្ត្រីរងគ្រោះ ត្រូវបានអាជ្ញាធរសង្កាត់ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅជួយអន្តរាគមន៍ តែស្ត្រីរងគ្រោះ មិនព្រមឡើងរថយន្តទៅពេទ្យទេ សុំឱ្យក្រុមសង្គ្រោះជួយជូតលាងរបួសឱ្យ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.