ក្នុង​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ប្រធាន​រដ្ឋ​ឡាវ កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា វិស័យ​ថាមពល​មាន​សារៈសំខាន់​សម្រាប់​ប្រទេស កម្ពុជា ជា​ពិសេស​ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ថាមពល និង​ធានា​បាន​នូវ​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​នៅ​ក្នុង តំបន់ និង​ពិភពលោក ហើយ​សម្ដេច​ធិបតី ក៏​បាន​ស្នើ​ឱ្យ​ភាគី​ឡាវ​ពិចារណា និង​រិះរក​ដំណោះស្រាយ​សមស្រប​នានា ដើម្បី​ធ្វើ​យ៉ាងណា​អាច​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​អគ្គិសនី​មក​កម្ពុជា​ប្រកប​ដោយ​និរន្តរភាព និង​ទាន់​ពេលវេលា​។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​បញ្ជាក់​បែប​នេះ​។

ឡាវ​ជា​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ធំ​មួយ​នៅ​ក្នុង​តំបន់ កម្ពុជា​ក៏​កំពុង​ទទួល​ការ​ផ្គត់​អគ្គិសនី​ពី​ប្រទេស​ឡាវ​ផង​ដែរ ខណៈ​គោលនយោបាយ​ឯករាជ្យ​ផ្នែក​ថាមពល​អគ្គិសនី​គឺ​ជា​គោលដៅ​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​នៅ​ឆ្នាំ ២០៣០​។

 «​សន្តិសុខ​ថាមពល​អគ្គិសនី ពិត​ជា​សំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ និង​ប្រជាជន សន្តិសុខ និង​ឯករាជ្យ​នៃ​ថាមពលអគ្គិសនី គឺ​ជា​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង និង​ពង្រីក» សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​បែប​នេះ កាល​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ​ក្នុង​ពិធី បិទ​ស្ទឹង បើក​ការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គិសនី តាតៃ​លើ ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​។

យោង​តាម​របាយការណ៍​របស់​អគ្គិសនី​កម្ពុជា​បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០២២ អានុភាព​ថាមពល​អគ្គិសនី​របស់​កម្ពុជា​មាន ៤ ៤៩៥ មេហ្កាវ៉ាត់ ឯ​បរិមាណ​ថាមពល ដែល​បាន​ប្រើប្រាស់​ចេញ​ពី​ប្រភព​អគ្គិសនី ១៥ ៤៥៥ លាន​គីឡូវ៉ាត់​ម៉ោង ហើយ​បរិមាណ​នេះ​នៅ​តែ​បន្ត​កើន​ឡើង​ទៀត​នៅ​ឆ្នាំ ២០២៣​។ បើ​ប្រៀបធៀប​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​គឺ​មិន​ខ្វះ​នោះ​ទេ ដោយ​បរិមាណ​ផ្គត់ផ្គង់​មាន​ដល់​ជិត ៤ពាន់៥រយ មេហ្កាវ៉ាត់ ឯ​បរិមាណ​ប្រើប្រាស់ នៅ​ក្រោម​៤​ពាន់​មេហ្កាវ៉ាត់ (​ប្រហែល​៣៦០០ MW​) ។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​បាន​លើកឡើង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​ថា «​តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​អ្នក​ជំនាញ​ជប៉ុន កម្ពុជា​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ប្រមាណ​២​ម៉ឺន​មេហ្កាវ៉ាត់​។ ប៉ុន្តែ ដោយសារ​មិន​ចង់​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ទប់ទំនប់​វារីអគ្គិសនី ទើប​មក​ដល់​សព្វ​ថ្ងៃ កម្ពុជា​បន្ត​ទិញ​ប្រភព​ថាមពល​អគ្គិសនី​ស្អាត​ពី​ឡាវ ប្រមាណ​៣០​ភាគរយ ហើយ​ទិញ​ពី​វៀតណាម ១​ភាគរយ​ប៉ុណ្ណោះ​»​។

តាម​ការ​ព្យាករណ៍​របស់​អគ្គិសនី​កម្ពុជា តម្រូវការ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា នឹង​កើន​ឡើង​ដល់ ២៤ ០០០ លាន​គីឡូវ៉ាត់​ម៉ោង នៅ​ឆ្នាំ​២០២៥ ដល់ ៣៦ ០០០ លាន​គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ២០៣០ ដល់ ៥០ ០០០ លាន​គីឡូវ៉ាត់ម៉ោង នៅ​ឆ្នាំ​២០៣៥ និង ៦៦ ០០០ លាន​គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ​២០៤០​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.