ភ្នំពេញ÷រថយន្ដព្រូសមួយគ្រឿងរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ក្រោយបុរសម្នាក់បើករ៉េចង្កូតទៅបុក រនាំងថ្មពុះចែកទ្រូងផ្លូវខូចអស់បីកង់ កាលពីវេលាម៉ោង៤:៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-0617 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាត់អស់បីផ្ទាំង ឯរថយន្ដបង្ក ខូចខាតខ្ទេចមួយកំណាត់មុខ តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកវ៉ាស់វែង រួចស្ទួចរថយន្ដបង្កយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយង តូច

Share.