«TVET រៀន​ឲ្យ​ចប់ ឲ្យ​ចេះ ឲ្យ​មាន​ការងារ​» ជា​ប្រធានបទ​នៃ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើ​ទី​៧ ដែល​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ២០២៤ ខាង​មុខ​នេះ​។ ប្រធានបទ​នេះ ធ្វើ​ឡើង​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់​កាល​ទី១ ដែល​បាន​កំណត់ យក​មនុស្ស​ជា​គន្លឹះ​អាទិភាព​ទី១ ដោយ​បាន​ផ្ដោត​សំខាន់​លើ​ការ​កសាង និង​អភិវឌ្ឍ​មូលធន មនុស្ស​ប្រកប​ដោយ​គុណភាព សមត្ថភាព ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់ គំនិត​ច្នៃ​ប្រតិដ្ឋ និង​ភាព​ប្រកួត​ប្រជែង​ខ្ពស់ ដោយ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ «​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាង​តិច​ប្រចាំ​ជីវិត​»​។

ដើម្បី​ឱ្យ​ការ​រៀបចំ​ទិវា​ជាតិ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ប្រកប​ដោយ​ភាព​អធិកអធម រាជរដ្ឋាភិបាល សូម​ធ្វើ​ការ​ណែនាំ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ត្រូវ​ទទួល​បន្ទុក​រៀបចំ​ទិវា​ជាតិ​នេះ និង​ត្រូវ​ផលិត​ជា​វីដេអូ និង​ខ្លឹមសារ​ឯកសារ​ផ្សេងៗ ដោយ​សហការ​ជា​មួយ​នឹង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ នៅ​ទូទាំង​ប្រទេស​។

ជាមួយ​គ្នា​នេះ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី​ខេត្ត ត្រូវ​ចូលរួម​សហការ​និង​គាំទ្រ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ធ្វើ​ការ​ផ្សព្វផ្សាយ ទិវា​​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៧​ឆ្នាំ​២០២៤ នេះ ឱ្យ​កាន់​តែ​ផុលផុស និង​តាម​គ្រប់​មធ្យោបាយ​ដូចជា ការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ការ​ចង​បដា​ពាក្យ​ស្លោក នៅ​តាម​ទី​សាធារណៈ​ក្នុង​ដែនដី​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ ត្រូវ​មាន​ចលនា​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចូលរួម​ពី អង្គការ សមាគម វិស័យ​ឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា​ផង​ដែរ​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី១៥ ខែ​មិថុនា ជា​រៀងរាល់​ឆ្នាំ ជា​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និង​ផ្នែក​ឯកជន ឱ្យ​បាន​យល់ អំពី​សារៈសំខាន់​នៃ «ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (​Technical Vocational Education and Training​) ហៅ​ថា ធីវ៉េត (TVET)​» ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព ឱ្យ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ក្នុង និង​ក្រៅ​ប្រទេស​៕

Share.