សាន់ហ្វ្រាន់ស៊ីស្កូ៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TikTok បានប្ដេជ្ញាកាលពីថ្ងៃពុធ នេះថា នឹងតស៊ូតតាំងនៅក្នុងតុលាការ ដើម្បីលុបចោលច្បាប់ថ្មីរបស់អាមេរិក ដែលបានចុះហត្ថលេខាថ្មីៗ ដែលអាចឃើញកម្មវិធីពេញនិយមត្រូវបានហាមប្រាម ដោយសារតែការចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។

ច្បាប់នេះទុកពេលឱ្យក្រុមហ៊ុន TikTok រយៈពេល ៩ខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance បើមិនដកខ្លួនទេនោះ នឹងត្រូវបិទទីផ្សារអាមេរិកតែម្ដង។

មន្ត្រីអាមេរិក និងលោកខាងលិចផ្សេងទៀតបានចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ អនុញ្ញាតឱ្យទីក្រុងប៉េកាំងប្រមូលទិន្នន័យ និងចារកម្មលើអ្នកប្រើប្រាស់។ ខណៈប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ មានអ្នកប្រើប្រាស់ជាង ១៧០លាននាក់ នៅក្នុងសហរដ្ឋអាមេរិក តែមួយគត់ ដែលភាគច្រើនពួកគេជាយុវជនក្មេងៗ។

ក្រុមអ្នក​រិះគន់​និយាយ​ថា TikTok ក៏​ជា​ផ្លូវ​សម្រាប់​ផ្សព្វផ្សាយ​ការ​ឃោសនា​ដែរ។ យ៉ាងណាម៉ិញ ប្រទេសចិន និងក្រុមហ៊ុន បានបដិសេធយ៉ាងខ្លាំងចំពោះការអះអាងទាំងនេះ។

ទោះជាយ៉ាងណា លោក Shou Zi Chew អគ្គនាយកក្រុមហ៊ន TikTok បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ TikTok ភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Joe Biden បានចុះហត្ថលេខាលើច្បាប់នេះថា «កុំធ្វើឱ្យមានកំហុស នេះគឺជាការហាមឃាត់»។

លោក Chew បានហៅចំណាត់ការនេះថា «ជារឿងហួសចិត្ត» ដោយសារតែសេរីភាពនៃការបញ្ចេញមតិនៅលើវេទិកាផ្សព្វផ្សាយដ៏ពេញនិយម TikTok ឆ្លុះបញ្ចាំងពីតម្លៃអាមេរិកដូចគ្នា ដែលធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាសញ្ញានៃសេរីភាព។ ទន្ទឹមនោះ លោក Chew បាន​ប្រាប់​អ្នក​ប្រើ​ប្រាស់​របស់​វេទិកា​ថា «សូម​ប្រាកដ​ថា យើង​មិន​ទៅ​ណា​ទេ។ យើងនឹងបន្តតស៊ូ ដើម្បីសិទ្ធិរបស់អ្នកទាំងអស់គ្នានៅក្នុងតុលាការ។ ការពិត និងរដ្ឋធម្មនុញ្ញ គឺនៅខាងយើង»។

សូមជម្រាបថា វិធានការហាមប្រាមនេះ ត្រូវបានបញ្ចូលក្នុងកញ្ចប់ជំនួយបរទេសចំនួន ៩៥ពាន់លានដុល្លារ រួមទាំងជំនួយយោធាដល់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់៕

ប្រភព៖ CNA

Share.