ព្រះវិហារ ៖ រថយន្តធុនធំសណ្តោងរុឺម៉កមួយគ្រឿង ដឹកគ្រាប់ស្វាយចន្ទី ខណៈដែលកំពុងបើកបរ ស្រាប់តែឆ្លងចរន្តភ្លើងឆេះក្បាលរថយន្ត បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ២៦២៥ ចន្លោះគីឡូម៉ែត្រលេខ៦ -លេខ៧ នៅចំណុចមុខអង្កការអេដស៍ ក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

រថយន្តជួបគ្រោះអគ្គិភ័យ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B -1427 សណ្តោងរុឺម៉ក ពាក់ស្លាកលេខកំពង់ចាម 4A -1497 ដឹកគ្រាប់ស្វាយចន្ទី២៥តោន បើកបរដោយឈ្មោះ នៅ ភ័ណ្ឌ ភេទ ប្រុស អាយុ៣២ ឆ្នាំ មុខរបរ បើកបរ រថយន្ត មានទីលំនៅភូមិម្លូមុឺន ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តខាងលើដឹកគ្រាប់ស្វាយចន្ទីទម្ងន់២៥តោន ចេញពីស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ យកទៅលក់នៅខេត្តរតនគិរី ដោយបើកពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែឆ្លងប្រព័ន្ធភ្លើង បង្កជាអគ្គិភ័យឆាបឆេះក្បាលរថយន្ត បណ្តាលឱ្យរងខូចខាតក្បាលរថយន្តទាំងស្រុង និងខូចគ្រាប់ស្វាយអស់១តោន ។

ករណីខាងកើត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ទីបញ្ជាការស្រាលនគបាលព្រំដែនគោកភូមិភាគ៤ ចំនួន២គ្រឿង បាញ់ទឹកពន្លត់ភ្លើង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.