ប្រទេស​ថៃ​បាន​ចេញ​ការ​ព្រមាន​ថ្មី​អំពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ ខណៈ​រដ្ឋាភិបាល​បាន​និយាយ​ថា ​ជំងឺ​គ្រុន​ក្តៅ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៣០នាក់​រួច​ហើយ​នៅ​ឆ្នាំ​នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Barrons news នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។

អាជ្ញាធរទីក្រុងបាងកក បានផ្តល់ការព្រមានអំពីកំដៅដ៏ខ្លាំង ខណៈសន្ទស្សន៍កំដៅត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពី ៥២អង្សាសេ (ឬស្មើនឹង ១២៥អង្សាហ្វារិនហៃ)។

សីតុណ្ហភាព​នៅ​ក្នុង​ទីក្រុងរបស់​ប្រទេស​ថៃ​ បាន​ឡើង​ដល់ ៤០,១អង្សា​សេ​កាលពី​ថ្ងៃ​ពុធ ហើយ​កម្រិត​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍ នេះ។

រលកនៃអាកាសធាតុក្តៅខ្លាំងបានបោកបក់ផ្នែកខ្លះនៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ក្នុងសប្តាហ៍នេះ ដោយជំរុញឱ្យសាលារៀនទូទាំងប្រទេសហ្វីលីពីន ផ្អាកការសិក្សាតាមថ្នាក់រៀន ខណៈអ្នកគោរពបូជានៅប្រទេសបង់ក្លាដែស ចាប់ផ្ដើមពិធី ដើម្បីបួងសួងសុំទឹកភ្លៀង។

នាយកដ្ឋានបរិស្ថានរបស់ទីក្រុងបានព្រមានថា សន្ទស្សន៍កំដៅ ដែលជារង្វាស់នៃសីតុណ្ហភាព ដែលទទួលដឹងនៃអារម្មណ៍ ដោយគិតគូរពីសំណើម ល្បឿនខ្យល់ និងកត្តាផ្សេងទៀត គឺស្ថិតក្នុងកម្រិត «គ្រោះថ្នាក់ខ្លាំង» នៅក្នុងទីក្រុងបាងកក។

អាជ្ញាធរក្នុងខេត្ត Udon Thani នៅតំបន់ជនបទភាគឦសាននៃប្រទេសថៃ ក៏បានព្រមានអំពីសីតុណ្ហភាពដ៏ខ្លាំងក្លា នៅថ្ងៃព្រហស្បតិ៍ នេះផងដែរ។

ទាក់ទិននឹងបញ្ហានេះ ក្រសួងសុខាភិបាលបាននិយាយកាលពីល្ងាច ថ្ងៃពុធ ថាមនុស្ស ៣០នាក់បានស្លាប់ដោយសារជំងឺគ្រុនក្តៅ នៅចន្លោះពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី១៧ ខែមេសា ធៀបនឹង ៣៧នាក់ក្នុងឆ្នាំ២០២៣ ជាហេតុនាំឱ្យមានការសន្និដ្ឋានថា បើគិតរយៈពេលដូចគ្នា តួលេខអាចឡើងលើសនេះ។

ដោយឡែក លោក Direk Khampaen អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានប្រាប់ AFP ថា «ក្រុមមន្ត្រីកំពុងជំរុញឱ្យមនុស្សចាស់ និងអ្នកដែលមានស្ថានភាពសុខភាពមិនល្អ រួមទាំងអ្នកជំងឺធាត់ ឱ្យស្នាក់នៅក្នុងផ្ទះ និងផឹកទឹកឱ្យបានទៀងទាត់។

ខែមេសា គឺជាពេលវេលាក្តៅបំផុតនៃឆ្នាំនេះនៅក្នុងប្រទេសថៃ និងប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារអាកាសធាតុ El Nino កាន់តែធ្ងន់ធ្ងរឡើង។

តាមការកត់ត្រា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ខេត្ត Mae Hong Son បានជួបប្រទះសីតុណ្ហភាពខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ៤៤.៦អង្សាសេ ចំណែកខេត្ត Tak ក៏ជួបអាកាសធាតុក្តៅដូចគ្នានេះដែរ នៅថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣។

ដោយឡែក សីតុណ្ហភាពខ្ពស់បំផុតក្នុងឆ្នាំនេះគឺ ៤៤.២អង្សាសេ ត្រូវបានកត់ត្រានៅខេត្តភាគខាងជើង Lampang កាលពីថ្ងៃចន្ទ ទី២២ ខែមេសា ថ្មីៗនេះ។

ចំណែកនៅព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា ជាប្រទេសជិតខាងជាមួយថៃ សីតុណ្ហភាពបានឡើងដល់កម្រិត ៤៥,៩អង្សាសេ កាលពីថ្ងៃពុធ ដោយមានការរំពឹងទុកថា សីតុណ្ហភាពនៅថ្ងៃព្រហស្បតិ៍ ក៏មិនខុសពីថ្ងៃម្សិលម៉ិញទេ។ ខណៈភាពចលាចល និងជម្លោះដែលបានកើតឡើងដោយរដ្ឋប្រហារកាលពីឆ្នាំ២០២១ របស់យោធា បាននាំឱ្យមានការដាច់ចរន្ដអគ្គិសនីទូទាំងប្រទេស ដោយបង្កភាពលំបាកដល់ប្រជាជនភូមា៕

ប្រភព៖ Barron News

Share.