ខណៈ​ស្ពាន​អាកាស​មរតក​តេជោ (ក្បាលថ្នល់) ដំណាក់កាល​ទី១ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន ចាប់​តាំង​ពី​ដើម​ខែ​មេសា ឆ្នាំ​២០២៤ និង​បន្ត​សាងសង់​គម្រោង​ទី​២ មក​ដល់​សប្ដាហ៍​ទី​៤ នៃ​ខែ​មេសា​ដដែល គម្រោង​ស្ពាន​ឆ្លង​ទន្លេ​បាសាក់ ចាក់​អង្រែ​ក្រោម​-​ព្រែកប្រា ក៏​សម្រេច​បាន​លទ្ធផល​ជា​បណ្ដើរ​ផង​ដែរ​។

បើ​គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ២០២៤ គម្រោង​នេះ សម្រេច​បាន ៧.៥ភាគរយ​ហើយ លឿន​ជាង​ផែនការ​ដែល​បាន​គ្រោង​ទុក​តិច​តួច​ដែរ (​០.៦%​)​។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៤​។ ដូច្នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា បើ​គិត​ដល់​ចុង​ខែ​មេសា វា​អាច​សម្រេច​បាន​ដល់​ជិត​១០​ភាគរយ​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គម្រោង​ស្ពាន​ឆ្លង​ទន្លេ​បាសាក់ ចាក់​អង្រែ​ក្រោម​-​ព្រែកប្រា បើក​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខណៈ​ដែល​គម្រោង​ស្ពាន​នេះ​សាងសង់​បាន ២ភាគរយ​ហើយ​។ គម្រោង​ស្ពាន​នេះ​មាន​តម្លៃ​ប្រមាណ ៦០​លាន​ដុល្លារ​អាមេរិក និង​ប្រើ​រយៈពេល​សាងសង់ ៤២​ខែ ដោយ​ប្រើ​ឥណទាន​សម្បទាន​ពី​ប្រទេស​ចិន ដែល​មាន​ប្រវែង​សរុប ១ ៦៥០​ម៉ែត្រ (​ប្រវែង​ស្ពាន ៨៤៥.៧០​ម៉ែត្រ ទទឹង​ផ្លូវ​២៧​ម៉ែត្រ ផ្លូវ​តភ្ជាប់​ក្បាល​ស្ពាន​ប្រវែង ៨០៤.៣០​ម៉ែត្រ ទទឹង​ផ្លូវ ២៧​ម៉ែត្រ​)។ ស្ពាន​នេះ​មាន ៤​គន្លងរថយន្ត  ២​កន្លង​ម៉ូតូ និង ២​គន្លង​ថ្មើរជើង សាងសង់​ដោយ​ក្រុមហ៊ុន សំណង់​សៀង​ហៃ ដោយមាន​ទីប្រឹក្សា​គម្រោង គឺ​ក្រុមហ៊ុន​ក្វាងចូវ​វ៉ាន​អាន​។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ពន្យល់​ថា ពេល​សាងសង់​រួច​ស្ពាន​ឆ្លង​ទន្លេ​បាសាក់ ចាក់​អង្រែ​ក្រោម​-​ព្រែកប្រា​នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​៖

ទី១​៖ កាត់បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​លើ​ស្ពាន​ព្រះមុនីវង្ស​ឆ្លង​កាត់​ទន្លេបាសាក់ ភ្ជាប់​ផ្លូវ​ជាតិ​លេខ​១ នៅ​ខណ្ឌ​ច្បារអំពៅ​។

ទី២​៖ ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច​សង្គម រវាង​រាជធានី​ភ្នំពេញ​ប៉ែក​ខាង​ត្បូង អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ ជា​ពិសេស​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ប្រសិទ្ធភាព​នៃ​ការ​ដឹក​ជញ្ជូន និង​ភស្តុភារ​កម្ម​នៅ​ក្នុង​តំបន់​រាជធានី​ភ្នំពេញ​។

ទី៣៖ កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ដង​ទន្លេ​បាសាក់ និង​ជួយ​ពន្លឿន​ការ​អភិវឌ្ឍ​តំបន់​នោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា នេះ​ជា​ស្ពាន​ទី​៦ ក្នុង​ចំណោម​ស្ពាន​ដែល​បាន​សាងសង់​រួច​ដូច​ជា ស្ពាន​ឆ្លង​កោះ​ពេជ្រ​-​កោះ​នរា ស្ពាន​ព្រះមុនីវង្ស​ទាំង​២ ស្ពាន​ព្រែក​សំរោង​-​តាខ្មៅ ស្ពាន​កោះ​អន្លង់​ចិន ស្ពាន​កោះធំ និង​ស្ពាន​មួយទៀត​កំពុង​សិក្សា​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​២៣​។

អត្ថ​បទ៖ ឈិន ធារ៉ាត់

Share.