ត្បូងឃ្មុំ៖ ខណៈរដ្ឋបាលក្រុងសួងប្រើរយៈពេល២ម៉ោង ដើម្បីជ្រើសរើសដាក់ឲ្យមានការប្រកួតប្រជែង ផ្តល់សិទ្ធិដល់ក្រុមហ៊ុនទាំងអស់ ប្រកបដោយតម្លាភាព និងមានលក្ខណៈទីផ្សារសេរីច្បាស់លាស់ ក្នុងការដេញថ្លៃគម្រោងផ្លូវបេតុងអាមេចំនួន២ខ្សែ យោងតាមស្មារតីនេះ អ្នកទទួលការចំនួន៩ក្រុមហ៊ុន ត្រូវរើសបាន២ក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការកសាងផ្លូវបេតុង២ខ្សែនេះ ។ ដែលជាគោលបំណងរបស់ក្រុងដែលបានរៀបផែនការបង្លាយពីផ្លូវលំទៅជាផ្លូវបេតុងជាផ្លូវការឲ្យរួចស្រេចក្នុងឆ្នាំ២០២៧នាពេលខាងមុខនេះ ។ ការប្រកួតប្រជែងធ្វើនៅសាលាក្រុងសួង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។

 លោក សឹន គិរីវ៉ាន់ឌី នាយកទីចាត់ការផែនការ វិនិយោគខេត្តបានថ្លែងថា អ្នកទទួលការសុទ្ធតែជាមនុស្សមានធនធាន និងមានបទពិសោធន៍រាប់ឆ្នាំមកហើយ ការដេញថ្លៃគម្រោងគឺតម្រូវឲ្យអ្នកទទួលការណាដែលបានដាក់តម្លៃទាបជាងគេ នឹងទទួលបានសិទ្ធិក្នុងការសាងសង់ តែតម្លៃមិនមែនទាបរហូតដល់ផ្លូវគ្មានគុណភាពនោះទេ គឺធ្វើយ៉ាងណាឲ្យបានលទ្ធផលទាំងអស់គ្នា អ្នកទទួលការក៏ចំណេញ ផ្លូវក៏មានគុណភាព ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការអាស្រ័យផលលើផ្លូវនេះ ។


 លោក ជា ណារ៉ុន អភិបាលក្រុងសួង បានថ្លែងបញ្ជាក់ពីការប្រកួតប្រជែងថ្ងៃនេះ លទ្ធផលក្នុងសង្កាត់សួង/ក្រុងសួង ផ្លូវបេតុង១ខ្សែប្រវែង២៤០ម ទទឹង៦ម៉ែត្រ បានទៅក្រុមហ៊ុន ថេង រីតា ដែលមានតម្លៃប៉ាន់ស្មានជិត១៩៥លាន ហើយតម្លៃដេញបាន ជិត១៩០លាន ។ រីឯនៅក្នុងសង្កាត់វិហារលង់ ផ្លូវប្រវែង២២០ម៉ែត្រ ទទឹង៦ម៉ែត្រ តម្លៃប៉ាន់ស្មានជិត១៧៩លាន តម្លៃដេញ១៧៣លាន បានទៅក្រុមហ៊ុន ហួត ឆៃលីម ។

ចំពោះក្រុមហ៊ុនទាំងពីរបន្ទាប់ពីបានសិទិ្ធក្នុងការសាងសង់ហើយ ត្រូវរួសរ៉ាន់ប្រញាប់ដាក់គ្រឿងចក្រធ្វើទៅតាមកិច្ចសន្យា កុំអូសក្រឡានាំឲ្យខាតពេលវេលា គ្មានការលួចបច្ចេកទេស ធ្វើឲ្យទាន់សភាពការណ៍ ដើម្បីប្រគល់ផ្លូវជូនប្រជាពលរដ្ឋឲ្យពួកគាត់មានលទ្ធភាពអាស្រ័យផលលើផ្លូវនេះ ។ ផ្លូវល្អអាចទទួលយកបាន  ដោយមានការឯកភាពពីក្រុង គណៈកម្មការលទ្ធកម្មសង្កាត់ទាំងពីរ ទាំងខាងបច្ចេកទេស និងប្រជាពលរដ្ឋ នោះទើបជាភាពជោគជ័យរបស់យើងទាំងអស់គ្នា៕

អត្ថបទ៖ សាន វីឡែម

Share.