កំពង់ស្ពឺ ៖ រថយន្តធុនធំយុីឌុប ទ្រុងបែនដឹកខ្សាច់មួយគ្រឿង បើកឡើងចំណោតមិនរួច រអិលថយក្រោយទៅបុករះរថយន្ត៣គ្រឿងទៀត បណ្តាលឱ្យក្រឡាប់ របួសមនុស្សធ្ងន់ស្រាលចំនួន៨នាក់ ស្រី៦នាក់ កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចន្លោះ គី ឡូ ម៉ែត្រ លេខ ១០២ – ១០៣ ចំណោតលោកយាយម៉ៅ ស្ថិតនៅ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្ក យុីឌុប ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 3-1902 ដឹកខ្សាច់ អ្នកបើកបរបានគេចខ្លួនបាត់ ក្រោយកើតហេតុ បានបើកពីលិចទៅកើត ដល់ចំណុចកើតហេតុ ឡើងចំណោតលោកយាយម៉ៅ តែឡើងមិនរួច ស្រាប់តែរអិលថយក្រោយ ទៅបុករថយន្តធុនធំ ម៉ាកNIL ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3F-1038 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-7230 ដែលបើកពីលិចទៅកើត ហើយរថយន្តបង្កបន្តទៅបុករថយន្តសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-3497 ជារថយន្តតាក់សុី បើកបរដោយឈ្មោះ ធូ បូរ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដឹកមនុស្ស១៦នាក់ ស្រី១៥នាក់ ហើយរថយន្តសាំយ៉ុងខ្ទាតទៅបុកប៉ះ រថយន្តកូរ៉េមួយគ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយ ឃ្លុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឱ្យរថយន្តបង្កក្រឡាប់ផ្ងារជើង ចាក់ខ្សាច់ចោលរាយប៉ាយពេញផ្លូវ អ្នកធ្វើដំណើរតាមរថយន្តសាំយ៉ុង រងរបួសចំនួន៨នាក់ របួសធ្ងន់ចំនួន៤នាក់ ៖ ទី១ ឈ្មោះ នាក់ មឿន ភេទស្រី អាយុ៦៨ឆ្នាំ , ទី២ ឈ្មោះ ពេជ្រ សំអ៊ន ភេទប្រុស អាយុ២៧ឆ្នាំ , ទី៣ ឈ្មោះ ធូរ សាវ៉ាណា ភេទស្រី អាយុ១៣ឆ្នាំ , ទី៤ ឈ្មោះ អុី សារិន ភេទស្រី អាយុ៦៥ឆ្នាំ។

ចំណែកជនរងរបួសស្រាលចំនួន៤នាក់ ៖ ទី១ ឈ្មោះ ខៃ មុន្នី ភេទស្រី អាយុ១៩ឆ្នាំ , ទី២ ឈ្មោះ និន ធូរ ភេទប្រុស អាយុ២៩ឆ្នាំ , ទី៣ ឈ្មោះ ឃ្លាំង ខន ភេទស្រី អាយុ៦៦ឆ្នាំ , ទី៤ ឈ្មោះ សេក យ៉ុន ភេទស្រី អាយុ៦៦ឆ្នាំ ។

អ្នករងរបួសទាំងអស់ ត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ ចំណែករថយន្ត មានរថយន្តកូរ៉េឃ្លុប មួយគ្រឿង ខូចខាតបន្តិចបន្តួច សុំមិនទាមទាររកសំណងទេ ហើយបើកចាកចេញទៅបាត់ នៅសល់តែរថយន្តចំនួន៣គ្រឿង រងខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖តាតុងសែនជ័យ

Share.