ភ្នំពេញ ៖ ម៉ូតូស្មាស់មួយគ្រឿងជិះឌុបគ្នា២នាក់លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូហុងដាឌ្រីម ជិះលើផ្លូវអថិភាពបុកពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ របួសស្រាល២នាក់ កាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភាគីខាងម៉ូតូស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-7762 បើកដោយឈ្មោះ ប្រាក់ សំអាត ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រងរបួសធ្ងន់ បាក់ជើងឆ្វេង រួមដំណើរជាមួយឈ្មោះ សាវិន បក្សី ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួសស្រាល ។ ចំណែកភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AH-9053 ជិះដោយឈ្មោះ ភ្លូ ភ្លូវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកចាក់ប្រេង ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូស្មាស់ ជិះលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ឆ្លងទៅជិះសសៀរទ្រូងផ្លូវ ស្រាប់តែភាគីខាងម៉ូតូហុងដាឌ្រីមជិះពីត្បូងទៅជើង លើផ្លូវអថិភាព មិនបានចាប់អារម្មណ៍ មានអ្នកជិះបញ្ច្រាស ក៏ជ្រុលទៅបុកពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូស្មាស់រងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ ខាងម៉ូតូស្មាស់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.