ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូទៅយកកូនតូច ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូតាមឆក់ផ្តាច់យកខ្សែកប្លាទីនអស់ជាង៨ជី បានសម្រេច ដេញមិនទាន់គេចទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៦និង៣៥នាទីព្រលប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង កែងផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ងួន ចន្ធី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-4913 ជាមធ្យោបាយ ។ សម្ភារៈបាត់បង់ ខ្សែកប្លាទីន ទាំងបន្តោង ទម្ងន់ជាង៨ជី ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូចេញពីផ្ទះ ដល់ផ្លូវជាតិលេខ៣ កែងផ្លូវបេតុងចូលភូមិព្រៃកំបុត ឈប់មើល ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកន្លែងកើតហេតុនោះ ក៏មានជនសង្ស័យ ជិះម៉ូតូស្កុបពី ពណ៌ស មិនចាំស្លាកលេខ នៅឈប់មើលជាមួយដែរ តែមិនចាប់អារម្មណ៍ លុះជនរងគ្រោះជិះចូលតាមផ្លូវបេតុងពីលិចទៅកើតបានបន្តិច ស្រាប់តែជនសង្ស័យ ជិះតាមពីក្រោយ ឆក់យកផ្តាច់យកខ្សែក បានសម្រេច ហើយគេចខ្លួនបាត់ ជនរងគ្រោះរហែកអាវ ។

ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ចដែលកំពុងនៅកន្លែងករណីគ្រោះថ្នាក់ចរាចរណ៍ ជាមួយបងប្អូនអ្នកភូមិព្រៃកំបុត ជិះដេញតាម តែមិនទាន់ ជនសង្ស័យគេចបាត់ស្រមោល ។

បើតាមសម្តីជនរងគ្រោះបានឱ្យដឹងថា រាល់ពេលថ្ងៃល្ងាចគាត់តែងតែជិះម៉ូតូទៅយកកូនតូច ដែលផ្ញើឱ្យគេមើលក្នុងភូមិព្រៃកំបុត ស្រាប់តែល្ងាចនេះ គ្រាន់តែជិះចេញពីមើលគ្រោះថ្នាក់ចរាចរណ៍ ខ្លួនឯងជួបរឿងបែបនេះតែម្តង ។ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបងប្អូនឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.