ភ្នំពេញ ៖ បុរសម្នាក់រងរបួសបាក់ជើងឆ្វេង ចំណែកម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូវីវ៉ាជិះវ៉ាជែងរថយន្ត ជ្រុលទៅបុកជាមួយម៉ូតូហុងដាគុបមូល ជិះច្រាសទិសគ្នា បណ្តាលឱ្យភាគីខាងម៉ូតូវីវ៉ារងរបួសធ្ងន់ បាក់ជើងឆ្វេង ចំណែកភាគីខាងម៉ូតូគុប រងរបួសស្រាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះរបួសធ្ងន់ មានឈ្មោះ លីម ភក្រ័ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអង្គតាសិត ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល រងរបួសបាក់ជេីងឆ្វេង ជាភាគីខាងម៉ូតូ ម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BR-9792 ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូវីវ៉ា ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកជាមួយម៉ូតូហុងដាគុបមូល ពណ៌សំបកឪឡឹក ជិះពីជើងទៅត្បូង បណ្តាលឱ្យខាងម៉ូតូវីវ៉ា រងរបួសធ្ងន់ បាក់ជើងឆ្វេង ម្ខាងទៀតរងរបួសស្រាល ។

ក្រោយកើតហេតុជនរងគ្រោះធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នាពេកក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.