មុនប៉ះគ្នាជាលើកទី៤ នៅក្នុងពានរង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ ជួបគ្នាចំនួន ៣លើកចុងក្រោយនៅក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣/២៤ ភ្នំពេញក្រោនមិនដែលយកឈ្នះព្រះខ័នរាជស្វាយរៀងឡើង ដោយចាញ់ ២ និងស្មើ១។
ក្នុងពានរង្វាន់លីគកំពូលកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល ២-១ ដោយការប្រកួតសប្ដាហ៍ទី២ នៅកីឡដ្ឋានស្វាយរៀង។ ចូលដល់សប្ដាហ៍ទី១១ ក្រុមទាំង២បានប៉ះគ្នាម្ដងទៀត ភ្នំពេញក្រោន បានត្រឹម ០-០ ជាមួយព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី២៦ វិច្ឆិកា ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស អិន។
ជួបគ្នាចុងក្រោយ នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដដែល ព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ក្នុងលទ្ធផល ៣ ទល់និង២ ក្នុងការប្រកួតសប្ដាហ៍ទី២០ នៅកីឡដ្ឋានស្វាយរៀង។
ភ្នំពេញក្រោន នឹងត្រូវប៉ះម្ចាស់ជើងឯកច្រើនជាងគេព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ខណៈក្រុមវិសាខា ត្រូវប៉ះបឹងកេត ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២។
មុនប៉ះគ្នាលើកនេះ គឺជាលើកទី២ផងដែរ សម្រាប់ជំនួននៅវគ្គផ្ដាច់ព្រ័ត្រ ដោយនៅឆ្នាំ២០០៨ ប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup ភ្នំពេញក្រោន (កាលនោះឈ្មោះថា ភ្នំពេញ Empire) បានយកឈ្នះ ស្វាយរៀង ១-០ វគ្គផ្ដាច់ព្រ័ត្រ។
ក្រុមបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូងនៃរយៈពេល ១៤ឆ្នាំ ក្រោន ខកខានឡើងទៅជុំផ្តាច់ព្រ័ត្រ អស់រយៈពេល ១៤ឆ្នាំហើយ ខណៈពានរង្វាន់ជើងឯកថ្នាក់ជាតិមួយនេះ បានបង្តើតឡើងនៅឆ្នាំ២០០៧ ពោលគឺមានអាយុកាល១៧ឆ្នាំ។
ងាកមកក្រុមព្រះខ័នរាជស្វាយរៀង បានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ ឆ្នាំ២០២៤នេះ នាមជាក្រុមដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រច្រើនជាងគេ និងជាម្ចាស់ជើងឯក ៤សម័យកាលទៀតផថ។ ទាំងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន សុទ្ធតែស្ថិតក្នុងបញ្ជីក្រុមវ័យចំណាស់ជាងគេនៅពានរង្វាន់ បើបូកទាំងណាហ្គាវើល, ខ.ភ.ម និង ក្រសួងមហាផ្ទៃ។
ចាំមើលតើក្រុមណា នឹងក្លាយជាម្ចាស់ពានរង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាលនេះ? ជួបគ្នានៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ៤:០០នាទីតទៅ។
- ដណ្ដើមលេខ៣៖ បឹងកេត ប៉ះ វិសាខា វេលាម៉ោង ៤:០០នាទីរសៀលតទៅ
- ដណ្ដើមជើងឯក៖ ព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន វេលាម៉ោង ៧:០០នាទីតទៅ
ខាងក្រោមនេះគឺជាម្ចាស់ជើងឯកដែលនៅធ្លាប់ឈ្នះ Hun Sen Cup៖
១) ព្រះខ័នរាជស្វាយរៀង ធ្លាប់ឈ្នះ៤សម័យកាល (២០១១,២០១២,២០១៥,២០១៧)
២) វិសាខា ធ្លាប់ឈ្នះ៣សម័យកាល (២០២០,២០២១,២០២២)
៣) ភ្នំពេញក្រោន ធ្លាប់ឈ្នះ២សម័យកាល (២០០៨,២០០៩)
៤) ណាហ្គាវើល ធ្លាប់ឈ្នះ១សម័យកាល (២០១៣)
៥) បឹងកេត ធ្លាប់ឈ្នះ១សម័យកាល (២០១៩) ចំណែកក្រុមខេមរាកីឡា ដែលធ្លាប់ឈ្នះជើងឯកកាលពីរដូវកាលទី១ ក្នុងឆ្នាំ២០០៧ កន្លងទៅបានរំសាយក្លិបបាត់ទៅហើយ៕