តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតាបានបង្ហោះឱ្យដឹងក្នុងថ្ងៃទី២២ខែមេសានេះថាអ្នកនាងនិងក្រុមគ្រួសារបងប្អូនបានទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទីពីររួចរាល់ហើយ ថែមទាំងបានជួបមនុស្សពិសេសនៅទីនោះទៀតផង។
នៅក្នុងផេកម៉េង កែវពេជ្ជតា (Meng Keo Pichenda-ពេជ្ជតា) របស់អ្នកនាងបានផុសថាចាក់វ៉ាក់សាំងលើកទីពីរហើយជាងនោះទៀត អ្នកនាងក៏បានសួរចំពោះអ្នកគាំទ្រវិញថាតើបានចាក់វ៉ាក់សាំងហើយឬនៅផងដែរ? នៅក្នុងនោះអ្នកម្ដាយកូនពីររូបនេះបានសម្ដែងសេចក្ដីត្រេកអរនិងអរគុណចំពោះក្រុមគ្រូពេទ្យដែលបានបំពេញតួនាទីបានយ៉ាងល្អហើយជាពិសេសនោះក្រុមគ្រូពេទ្យទាំងអស់សុទ្ធតែជាហ្វេនរបស់អ្នកនាងផងដែរ។ ក្រោយពីចាក់វ៉ាក់សាំងរួចអ្នកនាងក៏ថារូបជាមួយនឹងបងប្អូនក្រុមគ្រូពេទ្យដែលនៅប្រចាំការចាក់វ៉ាក់សាំងដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។

«ខ្ញុំនិងបងប្អូនបានចាក់វ៉ាក់សាំងលើកទីពីររួចហើយ។ ចុះអ្នកវិញ? សូមកុំឱ្យឱកាសដ៏ល្អនេះរំលងទៅប្រយ័ត្នស្ដាយក្រោយណាបងប្អូន! អរគុណក្រុមគ្រូពេទ្យដែលបានបំពេញតួនាទីសម្រាប់ពលរដ្ឋបានយ៉ាងល្អ។ ជាពិសេសក្រុមគ្រូពេទ្យយើងសុទ្ធតែជាហ្វ៊ែនរបស់ពេជ្ជតាទៀត។ អរគុណណាស់ហ្វ៊ែន អរគុណសន្តិភាព។»

អ្នកនាង ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងជើងចាស់មានឈ្មោះបោះសំឡេងមួយរូបព្រោះបទចម្រៀងអ្នកនាងជាច្រើនមានភាពល្បីល្បាញ ពេញនិយមក្នុងស្រទាប់មហាជនមិនថាបទសម័យ បទបុរាណ បទប្រពៃណី ឬ បទប្រជាប្រិយរាំវង់រាំក្បាច់នោះទេបច្ចុប្បន្នអ្នកនាងមានកូនពីរនាក់ប្រុសម្នាក់និងស្រីមួយនាក់៕