Lucas សមាជិក​ក្រុម​​ចម្រៀង​ WayV របស់​ចិន​ត្រូវបាន​អតីត​មិត្តស្រី​ចេញ​មក​អាក្រាត​នៅ​លើ​បណ្ដាញ​សង្គម​ថា​​តារា​រូប​នេះ​សម្ដែង​ធ្វើ​ជា​មនុស្ស​ចិត្ត​ល្អ​ ស្រលាញ់​​អ្នក​គាំទ្រ​ ការ​ពិត​គឺជា​ការ​បោកប្រាស់​ និង​ជា​ concept របស់​គេ​ប៉ុណ្ណោះ​។ តែ​ការ​ពិត​គេ​ចាត់​ទុក​អ្នក​គាំទ្រ​គ្រាន់​តែ​ជា​ស្រី​កំណាន់​ ហើយ​ប្រើប្រាស់​ការ​ស្រលាញ់​មក​លើ​រូប​គេ​ដើម្បី​ជា​ប្រយោជន៍​ប៉ុណ្ណោះ​។

ស្ត្រី​ម្នាក់​ដែល​​​ហៅ​ខ្លួន​ឯង​​ថា​ «B» បាន​ផុស​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​​ទី​២៥ ខែ​សីហា ដោយ​បាន​​អាក្រាត​ពី​តារា​រូប​នេះ​ដូច​ការ​លើក​ឡើង​ខាង​លើ​។ ស្ត្រី​ «B» ​ដដែល​នេះ ថែម​ទាំង​និយាយ​ទៀត​ថា​ ខ្លួន​បាន​ជួប​ជាមួយ​នឹង​ Lucas ​នៅ​ក្នុង​កម្មវិធី​​ជួបជុំ​ ចុះ​ហត្ថលេខា រវាង​តារា​និង​អ្នក​គាំទ្រ​ ហើយ​នាង​បាន​ប្រាប់​គណនី​​ខ្លួន​ទៅ​ Lucas  ហើយ​តារា​រូប​នេះ​បាន​ផ្ញើ​សារ​មក​កាន់​រូប​នាង​។

អ្នក​ទាំងពីរ​បាន​ជជែក​​​គ្នា​តាម​រយៈ​ wechat រហូត​ថ្ងៃ​មួយ​ Lucas បាន​ហៅ​ខ្លួន​ឱ្យ​ទៅជួប​នៅ​សណ្ឋាគារ​ដែល​គេ​កំពុង​ស្នាក់នៅ​ នៅទីនោះ​អ្នក​ទាំងពីរ​បាន​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​រួម​គ្នា​។ នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ស្ត្រី​ «B» ក៏​បាន​រក​ឃើញ​ដែរ​ថា​ Lucas ក៏​មាន​ទំនាក់​ទំនងបែប​នេះ​ជាមួយ​នឹង​អ្នក​គាំទ្រ​ជា​ស្ត្រី​ផ្សេង​ៗ​ទៀត​ដែរ​។

ស្ត្រី​ «B» បាន​និយាយ​ដែរ​ថា​ «ខ្ញុំ​ស្រមៃ​មិន​ចេញ​ទេ​ថា តើ​គាត់​ជា​បុរស​ខ្លាំង​ប៉ុណ្ណា​ដែល​អាច​​ជួប​មនុស្ស​ស្រី​ពីរ​នាក់​ក្នុង​ថ្ងៃ​តែ​មួយ​ ម្នាក់​ពេល​ព្រឹក​ ចំណែក​ម្នាក់​ទៀត​ពេល​យប់។ ខ្ញុំ​ព្យាយាម​គ្រប់​យ៉ាងដើម្បី​សម្រប​តាម​ Lucas រយៈ​ពេល​២​ឆ្នាំ​ តែ​គ្រប់​យ៉ាង​គឺជា​ការ​កុហក​»។ ស្ត្រី​រូប​នេះ​ក៏​បាន​ប្រើ​ប្រាស់​ប្រជាប្រិយភាព​របស់​ខ្លួន​និយាយ​អាក្រក់​ពី​ Kris  ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​ឃាំង​ដោយ​សារ​តែ​បញ្ហា​ផ្លូវ​ភេទ​ជាមួយ​នឹង​ស្ត្រី​អនីតិជន​ផង​ដែរ​។

មុន​នេះ​ធ្លាប់​មាន​នារី​ «A» បាន​​បក​អាក្រាត​រឿង​ Lucas បាន​ប្រើប្រាស់​លុយ​នាង ហើយ​ក៏​មាន​មនុស្ស​ស្រី​កាន់​តេ​ច្រើន​បាន​ចេញ​មក​អះអាង​​ថា​ខ្លួន​ជា​អតីត​មិត្ត​ស្រី​និង​អះអាង​ពី​ទង្វើ​អាក្រក់​របស់​តារា​រូប​នេះ​។

ក្នុង​ចំណោម​នោះ​មាន​តែ​នារី​ «B» ម្នាក់​គត់​ដែល Lucas ​នៅ​បន្ត​ទាក់ទង​ទោះ​ជា​បាន​បញ្ចប់​ទំនាក់ទំនង​ជាមួយ​គ្នា​ហើយ​ក្ដី​ ក្នុង​នោះ​នារី​ «B» បាន​អះអាង​ថា​ Lucas បាន​ប្រើ​ប្រាស់​លុយ​ខ្លួន​ថែម​ទាំង​ឱ្យ​អ្នក​នាង​ចាយ​ប្រាក់​ពេល​ដើរ​កម្សាន្ត​រួម​គ្នា​ថែម​ទៀត​ផង​។

រឿង​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​ស្ត្រី​ «C» លើក​ឡើង​ថា​កញ្ញា​ក៏​ជួប​រឿង​ដូច​ជា​នារី «A» និង «B» ដែរ។ ខណៈ​ដែល​​រឿងរ៉ាវ​បម្រូង​ចម្រាស់​កាន់​តែ​ពុះ​កញ្ជ្រោល​នៅ​ប្រទេស​ចិន Lucas បាន​ចេញ​មក​ផុស​សំបុត្រ​សុំ​ទោស​ ហើយ​ផ្អាក​រាល់​សកម្មភាព​សិល្បៈ​របស់​គេ​ទាំង​អស់​៕

Telegram-Troryorng
Share.