អ្នកនាងបញ្ចកាម្ចាស់ជំនួញច្រើនមុខនិងលោកអេដវីនគឺជាគូស្នេហ៍អ្នកសិល្បៈដែលមហាជនផ្ដោតការចាប់អារម្មណ៍គួរសមព្រោះមានអ្វីៗប្លែកមកចែករំលែកសម្រាប់អ្នកគាំទ្របានសើចសប្បាយជានិច្ច ដូចជាចុងក្រោយនេះប្រពន្ធរបស់តារារូបនេះបានពោលថាក្រោយស្រលាញ់គ្នា២ឆ្នាំ ពេលនេះរូបរាងខាងប្រុសប្រែប្រួលខ្លាំងថែមទាំងមានពេលខ្លះលួចគ្រឿងក្នុងអ្នកនាងទៅស្លៀកទៀតផង។
លោក អេដវីន គឺជាតារាសម្ដែងដ៏ល្បីមួយរូបដែលត្រូវបានមជ្ឈដ្ឋានមហាជនទទួលស្គាល់ស្នាដៃសម្ដែងរបស់លោកតាមរយៈការសម្ដែងរឿងទាំងភាគនិងភាពយន្តខ្នាតធំ។ បច្ចុប្បន្ន អេដវីន កំពុងបង្ហាញវត្តមានសម្ដែង ក្នុងរឿងភាគរបស់ទូរទស្សន៍ PNN រឿង «រសជាតិអ្នកមាន» ។

យ៉ាងណាមិញគូស្នេហ៍កំពូលកូរខាងលើបានធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើចជាថ្មីម្ដងទៀតបន្ទាប់ពីស្ត្រីជា Business Woman មានជំនួញច្រើនក្នុងដៃបានបង្ហោះសាររៀបរាប់លើបណ្ដាញសង្គមអួតសរសើរពីរូបរាងដ៏សង្ហារបស់លោកអេដវីនដែលជាស្វាមីរបស់ខ្លួនតែមិនភ្លេចបង្អាប់បែបលេងសើចចំពោះភាពប្រែប្រួលស្វាមីរបស់ខ្លួននៅក្នុងសំណេរនោះផងដែរ។
«ទៅមើលរូប ប្តីខ្ញុំពីមុន យាយពីសង្ហាអើយសង្ហា ឃើញហើយចង់លង់ ហើយវាថីទើប2 ឆ្នាំជាងសោះ ប្តូរអើយប្តូរ រឺមកពីឃើញ ខ្ញុំមិនសូវស្អាតមែន បានខំបំលែងខ្លួនទៅជាបែបនេះ អោយស្រដៀងនឹងខ្ញុំហស់នាក់អើយយយយ! មើលរូបតំបូងៗ ចង់លង់ មើលដល់រូបចុងក្រោយ លែង ចង់បានប្តី ! យកគ្នាតំបូង ចេញមកប្រុសហេ ដល់យកយូរៗទៅ ខោ អាវ ក្នុងខ្ញុំអីបាត់ស្ទើររាល់ថ្ងៃ គិតខុសគិតត្រូវហេ លោកអើយយយ»។
សូមរំលឹកផងដែរថាអ្នកនាង បញ្ចកា គឺជាអតីតភរិយារបស់លោក លៀក លីដា ដែលជាម្ចាស់ផលិតកម្ម LD Picture តែបានលែងលះគ្នា។ អ្នកនាងបានស្គាល់និងសាងសុភមង្គលជាមួយបុរសវ័យក្មេងជាងខ្លួន៥ឆ្នាំគឺលោកអេដវីនដោយបច្ចុប្បន្នអ្នកនាងមានវ័យ៣២ឆ្នាំ ខណៈលោកអេដវីនមានអាយុ២៧ឆ្នាំ។