បន្ទាយមានជ័យ៖ ក្រុមហ៊ុនបញ្ញើអីវ៉ាន់វីរៈប៊ុនថាំសាខាក្រុងប៉ោយប៉ែត បើកដំណើរវិញបន្ទាប់ពី បិទខ្ទប់១សប្ដាហ៍។ ការបិទខ្ទប់ក្រោយពីពិនិត្យសំណាករកឃើញជំងឺវីដ-19 លើបុគ្គលិកដែលបំរើការងារ នៅទីតាំងមុខធនាគារអេស៊ីលីដា នៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួន07នាក់ ក្នុងចំណោមបុគ្គលិក31នាក់ កាលពីថ្ងៃទី21 ខែសីហា ឆ្នាំ2021។

ក្រោយពីក្រុមគ្រូពេទ្យបានចុះពិនិត្យសំណាកធ្វើតេស្តរួច អាជ្ញាធរក្រុងប៉ោយប៉ែត បានចុះបិទទីតាំងខាងលើ ជាបណ្តោះអាសន្ន តាមវិធានការរបស់ក្រសួងសុខាភិបាល។ ប៉ុន្តែក្រុមហ៊ុនខាងលើនេះ កាលពីថ្ងៃទី24 ខែសីហា ក៏បានលួចបើកដំណើរល្មើសវិធានការរបស់ក្រសួងសុខាភិបាលម្តងហើយដែរ តែត្រូវបានអាជ្ញាធរចុះមកបិទវិញ។

ដោយឡែកនៅថ្ងៃទី27 ខែសីហា ឆ្នាំ2021នេះ ក្រុមហ៊ុនបញ្ញើអីវ៉ាន់វីរៈប៊ុនថាំសាខាក្រុងប៉ោយប៉ែត បើកដំណើរវិញ ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំងត្រង់ថា តាមផ្ទះ តាមផ្សារ និងតាមបណ្តាក្រុមហ៊ុនផ្សេងៗ ដែលជាប់ពាក់ព័ន្ធ និងជំងឺកូវីដ-19នោះ យ៉ាងតិចក៏បិទខ្ទប់14ថ្ងៃដែរ ទើបអនុវញ្ញាតិឲ្យបើកដំណើរវិញ ហេតុអ្វីក្រុមហ៊ុនបញ្ញើអីវ៉ាន់វីរៈប៊ុនថាំសាខាខាងលើ អាចបើកបានមុនថ្ងៃកំណត់ពីវិធានការរបស់ក្រសួងសុខាភិបាលទៅវិញ។

អ្នកនាំពាក្យសាលាក្រុងប៉ោយប៉ែត លោក កែវ តារារស្មី បញ្ជាក់ថា ការបើកដំណើរនេះ ឃើញថាមិនទាន់គ្រប់14ថ្ងៃពិតមែន បន្ទាប់ពីរកឃើញបុគ្គលិកក្រុមហ៊ុនបញ្ញើអីវ៉ាន់វីរៈប៊ុនថាំ មានវិជ្ជមានកូវីដ-19 និងបានចុះបិទខ្ទប់កាលថ្ងៃទី21 ខែសីហា ឆ្នាំ2021។ ការបើកដំណើរវិញនេះ ដោយសារតែទីតាំងខាងលើនេះ មានការបាញ់ថ្នាំសម្លាប់មេរោគរួចហើយ និងត្រូវបានផ្តាស់ប្តូរបុគ្គលិកថ្មីចូលមកបំរើការងារវិញ រីឯបុគ្គលិកចាស់ដែលពាក់ព័ន្ធ ត្រូវបានយកទៅធ្វើចត្តាឡីស័ក និងអ្នកជំងឺត្រូវយកទៅព្យាបាលអស់ហើយ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.