បច្ចុប្បន្ននេះ ក្រុមហ៊ុននីមួយៗបានប្រកាសឲ្យបុគ្គលិកដែលមិនចាំបាច់នៅក្នុងក្រុមហ៊ុនមួយចំនួនធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការជួបជុំ ដែលធានាបានអំពីសុវត្ថិភាពរបស់បុគ្គលិកពីអត្រានៃការឆ្លងរាលដាលមេរោគកូវីដ១៩ និង មេរោគបំប្លែងថ្មី Delta។ អំឡុងពេលដែលបុគ្គលិកមួយចំនួនបានធ្វើការពីផ្ទះ មានអ្នកខ្លះប្រាកដជា ស្ត្រេស គិតមិនចេញ ពីការងារ ព្រោះតែបរិយាកាសជុំវិញខ្លួនមិនសូវអំណោយផល ដោយសារការរៀបចំទីតាំងខុសក្បួន។

តើយើងត្រូវរៀបចំ និងមិនត្រូវរៀបចំកន្លែងបែបណា ដើម្បីជួយបង្កើនអារម្មណ៍ធ្វើការ ក៏ដូចជាក្បួនហុងស៊ុយសម្រាប់ខ្លួនឯង?តោះ! មកដឹងពីគន្លឹះសំខាន់ៗ ១០ចំណុចជាមួយគ្នា៖

១) កុំអង្គុយទល់មុខទ្វារបន្ទប់ទឹក ព្រោះអាចប៉ះពាល់សុខភាព រឺ ក៏បាត់បង់អារម្មណ៍ដោយសារតែការភាយក្លិនមិនល្អ។

២) កុំដាក់តុធ្វើការជិតមាត់ទ្វា ហើយអ្នកគួរអង្គុយ ឬ ផ្អែកខ្នងនឹងមាត់ទ្វា ព្រោះការអង្គុយខុសក្បួនអាចមានគេនិយាយមិនល្អពីអ្នក។

៣) កុំព្យាយាមដាក់តុធ្វើការគៀកជាប់នឹងបង្គោល ឬ ជ្រុងណាមួយក្នុងផ្ទះ ព្រោះរឿងខ្លះអាចធ្វើឲ្យអ្នកបាត់បង់ហុងស៊ុយ និង ធ្វើឲ្យអារម្មណ៍តានតឹងដោយសារតែការអង្គុយនៅកន្លែងដែលចង្អៀត។

៤) កុំដាក់តុ ឬ អង្គុយក្រោមធ្នឹម ព្រោះបណ្ដាលឲ្យអ្នកអាប់រាសី និង ដំណើរការងារមិនរលូន។

៥) កុំអង្គុយចំកញ្ចក់ ព្រោះក្បួនហុងស៊ុយ គេហាមថា នៅពេលដែលអ្នកផ្ចង់អារម្មណ៍ជាមួយអ្វីមួយហើយ ស្រាប់តែងាកមុខមើលកញ្ចក់ នោះវាអាចនឹងធ្វើឲ្យការងារអ្នកមិនរលូន និង បែកអារម្មណ៍ គិតមិនចេញ។

៦) អ្នកគួរតែព្យាយាមរៀបចំតុការងារនៅជិតបង្អួច ព្រោះអ្នកអាចមានអារម្មណ៍ស្រស់ថ្លាជាមួយនឹងទេសភាពដ៏ត្រជាក់ភ្នែក ជាពិសេសអាចជួយបង្កើនអារម្មណ៍លោកអ្នកឲ្យគិតអ្វីបានងាយស្រួល និង ឆាប់សម្រេចការងារផ្សេងៗ។

៧) អ្នកគួរតែស្វែងរកទីតាំងដែលស្រលះ និង ស្ងប់ស្ងាត់ ដើម្បីឲ្យអ្នកមានអារម្មណ៍មិនស្ត្រេស។

៨) អ្នកគួរតែរៀបចំតុការងាឲ្យស្រលះ កុំដាក់ឯកសាររញេរញ៉ៃពេញតុ ព្រោះពេលខ្លះអាចធ្វើឲ្យអ្នកមានការភ័ណ្ឌច្រលំ។

៩) តុធ្វើការ គួរតែមានតាំងរុក្ខជាតិពណ៌បៃតង ព្រោះពេលដែលអ្នកមានអារម្មណ៍រោយភ្នែក ឬ ស្រវាងភ្នែក អ្នកអាចងាកទៅមើលរុក្ខជាតិពណ៌បៃតងលើតុរបស់អ្នកបានយ៉ាងងាយ ជាពិសេសអាចធ្វើឲ្យអ្នកមានហុងស៊ុយល្អ ប្រសិនបើអ្នកតាំងដើមរុក្ខជាតិលើករាសី៍។

១០) ប្រសិនបើមានអារម្មណ៍ថាស្រ្តេស អ្នកគួរតែសម្រាកស្ដាប់បទចម្រៀងកំដអារម្មណ៍ ដើម្បីបន្ធូរភាពតានតឹង សឹមបន្តការងារជាបន្តទៀត។

អនុវត្តន៍ គន្លឹះទាំង ១០ចំណុចខាងលើនេះ អាចធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរ និង មានហុងស៊ុយជាងមុន៕

ប្រភព៖ The Spruce

Share.