ព្យុះសង្ឈរា​ហឺរីខិន អាយដា បានវាយប្រហាររដ្ឋលូស៊ីអាណា របស់សហរដ្ឋអាមេរិក ដែលបង្កឲ្យមានការបាក់ដី ទឹកជំនន់​ និង គ្មានអគ្គិសនីប្រើប្រាស់។

រដ្ឋលូស៊ីអាណា បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីព្យុះ ហឺរីខិន កម្រិតទី៤ ដែលជាហេតុធ្វើឲ្យមានមនុស្សម្នាក់ស្លាប់ និង ជាង ១លាននាក់ទៀត គ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមរសៀលថ្ងៃច័ន្ទ ទី ៣០ ខែសីហា ម្សិលមិញនេះ។

សារព័ត៌មាន CNN បានចុះផ្សាយថា ព្យុះហឺរីខិនអាយដា បានបក់បោកចូលមកដល់រដ្ឋ លូស៊ីអាណា ជាមួយសម្ពាធខ្យល់ខ្លាំង ហើយវានឹងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ពេលឆ្លងកាត់តំបន៉ឆ្នេរមួយចំនួនដូចជា៖ ឆ្នេរសមុទ្រ ហ្គឹហ្វ ខូស៍, រដ្ឋ លូស៊ីអាណា ភាគអាគ្នេយ៍, ឆ្នេរសមុទ្ររដ្ឋ មីស៊ីស៊ីពពី និងរដ្ឋអាឡាបាម៉ា ភាគនិរតី នៃសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា នៅរសៀលនេះមានមនុស្សម្នាក់ស្លាប់ដោយសារព្យុះដ៏អាក្រក់នេះ ខណៈដែលមនុស្សជាង ១លាន់នាក់ទៀតកំពុងគ្មានអគ្គិសនីប្រើប្រាស់នោះទេ ដោយសារតែកម្លាំងព្យុះនេះបានកាត់ផ្ដាច់ចរន្តអគ្គិសនីសំខាន់ៗមួយចំនួនក្នុងរដ្ឋលូស៊ីអាណានេះ។

ដោយឡែកអាជ្ញាធរទីក្រុង ញូអូលីន បានឲ្យដឹងថា ឥលូវនេះរដ្ឋលូស៊ីអាណា កំពុងតែមានទឹកជំនន់បានកើតឡើង ដោយប្រជាជនមួយចំនួនបាននាំគ្នាឡើងលើដំបូលផ្ទះ ដើម្បីរង់ចាំការជួយសង្រ្គោះពីមន្រ្តីជំនាញ។

ព្យុះហឺរីខិន អាយដា នេះ ត្រូវបានគេចាត់ទុកថា ជាព្យុះមានកម្រិតខ្លាំងក្លាបំផុតដូចព្យុះ ឡូរ៉ា ដែលធ្លាប់បោកបក់រដ្ឋភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២០ និងព្យុះហឺរីខិន ឡាស៍ អាយលែន កាលពីឆ្នាំ ១៨៥៦ ៕

ប្រភព៖ CNN

Telegram-Troryorng



Share.