ប្រសិនបើអ្នកដែលធ្លាប់តាមដាននិងជាអ្នកគាំទ្ររបស់អ្នកម្ដាយចិញ្ចឹមកូនខ្មែរ Angelina Jolie ប្រាកដជាដឹងច្បាស់ណាស់ថាក្រៅអំពីជាតារាសម្ដែងដ៏លេចធ្លោរនៅ Hollywood ហើយនោះតារាស្រីរូបនេះក៏មានតួនាទីផលិតករនិងអ្នកដឹកនាំភាពយន្តផងដែរ ប៉ុន្តែមួយរយៈក្រោយមកនេះអ្នកគាំទ្រមិនសូវបានឃើញតារារូបនេះដើរតួនាទីជាអ្នកដឹកនាំនិងផលិតករប៉ុន្មាននោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្ដី Entertainment Weekly តួឯកស្រីភាពយន្ត Maleficent រូបនេះបានឱ្យដឹងថាបន្ទាប់ពីសមិទ្ធផលភាពយន្ត «First They Kill My Father» អ្នកស្រីបានដកឃ្លាទទួលត្រឹមតែការងារសម្ដែងប៉ុណ្ណោះ និយាយជារួមគឺក្រោយពីអ្នកស្រីសម្រេចចិត្តប្ដឹងលែងលះស្វាមី Brad Pitt កាលពីឆ្នាំ២០១៦។

«ខ្ញុំនៅតែស្រលាញ់ការដឹកនាំ តែពេលនេះស្ថិតក្នុងស្ថានភាពដែលក្រុមគ្រួសារខ្ញុំមានការផ្លាស់ប្ដូរ ដូច្នេះហើយខ្ញុំចាំបាច់ត្រូវតែសម្រាកពីការដឹកនាំភាពយន្តមួយរយៈធំដើម្បីនៅផ្ទះឱ្យបានច្រើនជាងមុន ព្រោះហេតុនេះទើបមួយរយៈក្រោយនេះខ្ញុំទទួលតែការងារសម្ដែងតែមួយមុខ»
អ្នកស្រី Angelina Jolie ទទួលបានពានរង្វាន់អូស្ការក្នុងផ្នែកតួរងស្រីឆ្នើមតាមរយៈការសម្ដែងក្នុងរឿង Girl, Interrupted (1999) ចំណែកស្នាដៃដឹកនាំភាពយន្តមានចំនួន៥រឿងដេលសុទ្ធសឹងតែជាភាពយន្តខ្នាតធំទាំងអស់ក្នុងនោះមាន A Place in Time (2017), In the Land of Blood and Honey (2011), Unbroken (2014), By the Sea (2015) និង First they Killed My Father (2017) ហើយនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះនឹងមានស្នាដៃសម្ដែងរឿង Those Who wish me Dead នៅលើកញ្ចក់ទូរទស្សន៍ HBO Max ៕