ថ្មីៗ​នេះ​​តារា​សម្ដែង​និង​ជា​សេដ្ឋិនី​ស្រុក​ចិន​អ្នក​នាង​ Zhao Wei ហៅ​ត្រចៀក​កាំ​ ត្រូវ​បានសាធារណជន​យល់​ថា​​ឈ្មោះ​របស់​តារា​រូប​នេះ​ត្រូវ​បាន​ដាក់​​ចូល​​ក្នុង​បញ្ជី​ខ្មៅ​ ព្រោះ​ឈ្មោះ​របស់​ Zhao Wei ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជីឈ្មោះ​​ភាពយន្ត​ឬ​ការងារ​សិល្បៈ​ផ្សេង​ៗ​ឧទាហរណ៍​ដូច​ជា​រឿង​ ​«My Fair Princess» ខ្សែភាពយន្ត​បុរាណ​ចិន​ដែល​តារា​ស្រី​រូប​នេះ​សម្ដែង​ហើយ​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​។

តារា​សម្ដែង​វ័យ​៤៥​ឆ្នាំ​រូប​នេះ​បាន​អវត្តមាន​ពី​ទី​សាធារណ​ៈ​ ហើយ​សូម្បី​តែ​មិត្ត​សម្លាញ់​របស់​ខ្លួន​តារា​សម្ដែង​ Yuan Li ក៏​បាន​លើក​​ឡើង​ដែរ​ថា​ខ្លួន​មិន​អាច​ទំនាក់ទំនង​ជាមួយ​នឹង​ Zhao Wei បាន​នោះ​ទេ​។

ប៉ុន្តែ​យោង​តាម​សាធារណជន​ដែល​មាន​មិត្តភក្ដិ​និង​សាច់​ញាតិ​នៅ​ទីក្រុង​ Bordeaux ប្រទេស​បារាំង បាន​ឱ្យ​ដឹង​ថា ត្រចៀក​កាំ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​តាម​រយៈយន្តហោះ​ផ្ទាល់​ខ្លួន​។ ដោយ​មាន​មនុស្ស​ម្នាក់​បាន​អះអាង​ថា​ខ្លួន​បាន​ទៅ​ព្រលាន​យន្តហោះនៅ​បារាំង​ហើយ​ជួប​ Zhao Wei​ នៅទីនោះ​ប្រហែល​ជា​ម៉ោង​២និង​២០​នាទី​អធ្រាត្រ​ ម៉ោង​គិត​ក្នុង​ប្រទេស​ចិន​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ខែសីហា ឆ្នាំ​២០២១ បន្ទាប់​ពី​ចុះ​ដល់​ដី​ Zhao Wei បាន​ប្រញាប់​ចាកចេញ​ពី​ព្រលានយន្ត​ហោះ​ភ្លាម​ៗ​ តាម​រយៈ​រថយន្ត​ Toyota មួយ​គ្រឿង​។

មាន​ដំណឹង​លេច​ឮដែរថា​ស្វាមី​របស់​អ្នក​នាង​លោក Huang Youlong បាន​រង់ចាំ​អ្នក​នាង​នៅ​កន្លែង​ផលិតស្រា​ ខណៈ​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​ ដែល​ ត្រចៀង​កាំ​ ហោះ​ទៅ​បារាំង​ ព្រោះ​ជា​ទៀតទាត់​តារា​សម្ដែង​​ល្បី​​រូប​នេះ​ត្រូវ​ទៅ​ទីនោះ​ស្រាប់​ហើយ​ព្រោះ​​មាន​ចំការ​ទំពាំង​បាយ​ជូ​នៅទីនោះ​។

កាល​ពី​ឆ្នាំ​២០០៨ Zhao Wei បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ជា​លើក​ដំបូង​ បន្ត​មក​នៅ​ឆ្នាំ​២០១១ ស្វាមី​របស់​អ្នក​នាង​បាន​ទិញ​ Château Monlot ​នៅ​ក្នុង​តំបន់​ St Emillion ជា​ចំការ​ទំពាំង​បាយ​ជូ​មាន​ទំហំ​៨​ហិចតា ដើម្បី​ជា​កាដូ​ដល់​ឧត្តម​ភរិយា​របស់​​លោក​គឺ​ Zhao Wei។ មួយ​ឆ្នាំ​ក្រោយ​ Zhao Wei បង្កើត​ក្រុមហ៊ុន​ស្រា​ក្រហម​ Bordeaux៕

Telegram-Troryorng
Share.