រថយន្តអូសសណ្តោងស៊ីទែនដឹកប្រេងមួយគ្រឿង ក្រឡាប់បះជើងខ្លួនឯងដោយសារបើកគេចពីម៉ូតូ ដែលជួបគ្រោះថ្នាក់ចរាចរ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខហាងមនោរម្យ ស្ដិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នគរបាលបានឲ្យដឹងថា ដើមហេតុដំបូង មានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ បើកល្បឿនលឿន ពីជើងទៅត្បូង វ៉ាជែងរថយន្តធុនតូច តែមិនផុតប៉ះដួល ស្របពេលនោះ មាន  រថយន្តធន់ធំ ដឹកប្រេង របស់ក្រុមហ៊ុន សាវីមិចពាក់ស្លាកលេខ ភ្នំពេញ 4A-2181 ដឹកប្រេងសរុបចំនួន ៣២.០០០ លីត្រ ក្នុងនោះមានប្រេងសាំង ១៦.០០០ លីត្រ និងប្រេងម៉ាស៊ូត ១៦.០០០លីត្រ បើកពីត្បូងទៅជើង (ក្រុងភ្នំពេញទៅកាន់ខេត្តបាត់ដំបង) មកដល់ ព្យាយាមគេចពីម៉ូតូដែលបានដួលនោះ បែរជាជ្រុលធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងខ្លួនឯងតែម្តង សំណាងល្អមិនបណ្ដាលឲ្យផ្ទុះឆេះ ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច បានចេញទៅអន្តរាគមន៍ រួមជាមួយរថយន្តពន្លត់  អគ្គិភ័យ៣គ្រឿងបាញ់ទឹកស្រោចលើរថយន្តស៊ីទែនប្រេង សម្រួលការកកស្ទះចរាចរអស់រយៈពេលជាងមួយម៉ោង រហូតដល់ខាងក្រុមហ៊ុនសាវីមិច យករថយន្តផ្សេងទៅបូមសាងប្រេងចេញ៕

Share.