ជាប្រការគួរឱ្យសោកស្ដាយបំផុតនោះដ្បិតតែនៅក្នុងខែសីហា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន១៩៩លើក ថយចុះចំនួន៩លើក ហើយអ្នក រងរបួសមានចំនួន២៤១នាក់ ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ មានដល់ទៅ១២៣នាក់ ដែលកើនរហូតដល់ទៅ១៦នាក់ធៀបនឹងខែកក្កដាមុននេះ ដែលមានអ្នកស្លាប់ ចំនួន ១០៧នាក់។

នេះជាការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃនិងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្តេចនៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២១នេះ។

រដ្ឋមន្ត្រីមហាផ្ទៃបានកត់សម្គាល់ថា កំណើនអ្នក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែ សីហានេះ គឺការធ្វើដំណើរ នៅក្នុងឱកាសនៃពិធីសែនក្បាលទឹក ដែលមានជនរងគ្រោះស្លាប់ ចំនួន១៥នាក់ របួស ៣២នាក់ និងការធ្វើដំណើរនៅ រៀងរាល់ថ្ងៃចុងសប្ដាហ៍ផងដែរ បន្ទាប់ពី ស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ហើយការធ្វើចរា ចរណ៍មានកំណើនឡើងវិញ។

ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០២១នេះ បើប្រៀបធៀបទៅនឹងខែសីហា ឆ្នាំ២០២០កន្លងទៅវិញ គឺបានថយចុះចំនួន៧៩លើក ស្មើនឹង ២០ភាគរយ និងរបួស បាន ថយចុះចំនួន១៩៩នាក់ ស្មើនឹង៤៥ភាគ រយ គឺកើនតែអ្នកស្លាប់ចំនួន២ នាក់ស្មើនឹង ២ភាគរយ។

ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីមហាផ្ទៃបានអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ សូមមានស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលា នៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់ អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់៕

Share.