បាត់ដំបង៖ នគរបាលបាននាំខ្លួនបុរសជាប្អូនថ្ងៃ ម្នាក់ទៅកាន់តុលាកាបន្ទាប់ពីបានប្រើហិង្សាដោយចេតនាលើបងថ្លៃបណ្តាលឲ្យរបួសធ្ងន់ដើម្បីស្រាយគំនុំក្នុងចិត្ត។

នគរបាលបានប្រាប់ឲ្យថឹងថា ក្រោយបញ្ចប់ការកសាងសំណុំរឿងជាស្ថាពរ នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២១នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជូនបុរសជនបង្កត្រូវជាប្អូនថ្លៃ ដែលបានប្រើដំបង និងកណ្តៀវកាប់ វាយទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ នៅត្រង់ចំណុចក្រុមទី ២៦ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះប៉ោ មី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅក្នុងភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ត្រូវជាប្អូនថ្ងៃ ចំណែក ឯជនរងគ្រោះឈ្មោះទុយ កុសល ភេទប្រុស អាយុ ៤២ឆ្នាំត្រូវជាបងថ្លៃ រងរបួសត្រង់ក្បាល និងក្បាលជង្គង់ខាងឆ្វេង អ្នកទាំង ២ នាក់មានទីលំនៅភូមិ- ឃុំជាមួយគ្នា។

ប្រភពខាងលើបញ្ជាក់បន្តថា÷ ដើមហេតុដែលឈានដល់ការប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់អាវុធ )នេះដោយសារជនសង្ស័យបានខឹងនឹងជនរងគ្រោះជាបងថ្លៃ ព្រោះបានយល់ថា ជនរងគ្រោះជាអ្នកញុះញ៉ង់ប្អូនស្រីអោយលែងលះជា មួយខ្លួនទើបទប់ចិត្តមិនបានសម្រេចចិត្តជំរះគំនុំតែម្តង៕

អត្ថបទ៖ ដំបងក្រញូង

Share.