ក្រោយ​ក្រុម​តាលីបង់​ ចូល​គ្រប់គ្រង​និង​ក្ដោបក្ដាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ ប្រជា​ជន​អាហ្វហ្គានីស្ថាន ត្រូវទ្រាំ​រស់​នៅ​ដោយ​ភាព​ភ័យ​ខ្លាច​ យុវជន​អាហ្វហ្គានីស្ថាន​ បាន​យក​ចម្រៀង​និង​អាល់ប៊ុម​ចម្រៀង​លាក់​ទុក ព្រោះ​តែ​ភ័យ​ខ្លាច​ក្រុម​តាលីបង់​សម្លាប់។​

កវីនិពន្ធ​ អ្នក​កំប្លែង​ អ្នក​ចម្រៀង​ប្រពៃណីជនជាតិ​អាហ្វហ្គានីស្ថាន ត្រូវ​បាន​ក្រុម​ជ្រុលនិយមតាលីបង់​បាញ់សម្លាប់​ជា​បន្ត​បន្ទាប់យ៉ាង​ព្រៃ​ផ្សៃ​បំផុត​​។

យោង​តាមសារព័ត៌មានរបស់​​អាហ្វហ្គានីស្ថានជា​ភាសាអង់គ្លេស ហ្គាន់ដារ៉ា ​ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ កវីនិពន្ធ​និងជាអ្នក​បុរាណវិទូ​​ដ៏​ល្បី​លោក អាប់ដុល​ឡា អាទីហ្វី ត្រូវ​បាន​ក្រុម​តាលីបង់​ធ្វើ​ទារុណកម្ម​ មុន​នឹង​បាញ់​សម្លាប់លោក​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​របស់​ក្រុម​តាលីបង់​បាន​បដិសេធ​ថា​ទាហាន​របស់​ខ្លួន​មិនពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​របស់​លោក​ អាប់ដុលឡានោះ​ទេ​។

ខណៈ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ សារព័ត៌មាន Aljazeera បាន​ផ្សាយ​ថា​ក្រុម​​ទាហាន​ប្រដាប់​អាវុធ​តាលីបង់​បាន​ទទួល​ស្គាល់​ថា​ក្រុម​ខ្លួន​បាន​សម្លាប់​អ្នក​កំប្លែង​ល្បីលើ​ Tiktok លោក​ ណាហ្សា មូហាម៉ាត់ ខាសា (Nazar Mohammad Khasha ) ដោយ​សព​របស់​លោក​ត្រូវ​បាន​រក​ឃើញ​នៅ ​កាន់ដាហា មាន​ស្នាម​បាញ់​ជា​ច្រើន​គ្រាប់​ បន្ទាប់​ពី​វីដេអូ​បែកធ្លាយ​ លោក​ត្រូវ​បាន​គេ​វាយដំ​ធ្វើ​បាប​លើ​រាងកាយ​​​ក្នុង​រថយន្ត​ដោយ​ខ្មាន់​កាំភ្លើង​ពីរ​នាក់​។​

ឈាន​ចូល​មក​ដល់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ២០២១ សារព័ត៌មាន​ insider បាន​ផ្សាយ​ថា​ ក្រុម​ជ្រុល​និយម​តាលីបង់​ បាន​សម្លាប់​អ្នក​ចម្រៀង​ប្រពៃណី​ដ៏​ល្បី​មួយ​រូប​ទៀត គឺ​លោក ​ហ្វាវ៉ាដ អាន់ដ្រាប៊ី​ ដោយ​​​ក្រុម​នេះបានចូល​ទៅ​ចាប់លោក​ដល់​ក្នុង​ផ្ទះ​រួច​ហើយ វាយ​ដំ​ធ្វើ​បាប​លោក​ មុន​នឹង​បាញ់​សម្លាប់​ចោល​​។​ ​ក្រុម​នេះ​បាន​និយាយ​ថា​ពួ​ក​គេ​សង្ឃឹម​ថា​នឹង​ហាម​ឃាត់មិន​ឱ្យ​មានការ​​តន្ត្រី​​ប្រគំនៅ​តាម​ទីសាធារណៈ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ព្រោះ​ពួក​គេ​ជឿ​ថា​តន្ត្រី​គឺ​ជា​អំពើបាប​ ហើយ​ក៏​ជា​អំពើមួយ​ប្រឆាំង​នឹង​ច្បាប់របស់​សាសនា​អ៊ីស្លាម​ផង​ដែរ​។

គួរ​ដឹង​ថា​អ្នក​សិល្បៈ​និង​តន្ត្រីករ​ក្មេងៗ​អាហ្វហ្គានីស្ថាន ​មួយ​ចំនួន​បាន​រត់​គេច​ខ្លួន និង​លាក់​អត្តសញ្ញាណ​របស់​ខ្លួន​ចាប់​តាំងក្រុម​តាលីបង់​ចូល​មក​គ្រប់គ្រង​ប្រទេស​កាល​ពី​​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១ ព្រោះ​តែ​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន​ និង​គេច​ពី​ការកាប់​​សម្លាប់​របស់​ក្រុម​នេះ​៕

ទស្សនាវីដេអូព័ត៌មាន​ខាង​ក្រោម​៖

Telegram-Troryorng
Share.