ថ្ងៃទី៤ ខែកញ្ញា ខាងមុខនេះ គឺជាជាទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ! ជារៀងរាល់ឆ្នាំ នៅថ្ងៃសៅរ៍សបា្តហ៍ទី១ នៃខែកញ្ញា ត្រូវបានកំណត់ថាជាទិវាជាទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។

ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងស្ថាប័ននិងអង្គការជាដៃគូនឹងប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិតាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិរក្សសត្វត្មាតនិងផលប៉ះពាល់ពីការបំពុលសត្វត្មាត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។

ការប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានមានជំនឿថា នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាត និងជំរុញឱ្យមានការចូលរួមកាន់តែសកម្មបន្ថែមទៀតពីសំណាក់សាធារណជនក្នុងការការពារនិងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងថា ឆ្នាំ២០២១ នេះគឺជាលើកទី៦ ហើយដែលកម្ពុជាបានប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។ កម្ពុជាបាន ចូលរួមប្រារព្ធទិវានេះលើកដំបូងនៅឆ្នាំ ២០១៦ ខណៈទិវានេះត្រូវបានគេប្រារព្ធធ្វើឡើងតាំងពីឆ្នាំ ២០០៦ មកម៉្លេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា ពិភពលោកទាំងមូលបានប្រារព្ធឡើងដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​តួនាទី​អេកូ​ឡូស៊ី​របស់​សត្វ​ត្មាត ស្ថាន​ភាពនិង​ការ​គំរាម​កំហែង​នានាទៅ​លើ​សត្វ​ត្មាត​ ព្រម​ទាំង​អំពាវ​នាវ​ឱ្យ​មាន​ការ​ចូល​រួម​ក្នុង​កិច្ច​ការ​ពារ​សត្វ​ត្មាតដែល​ជា​ប្រភេទ​បក្សី​កម្រ និង​ជិត​ផុត​ពូជ​។

កម្ពុជា​ត្រូវបានគេដឹងថា មាន​សត្វ​ត្មាតចំនួន​បី​ប្រភេទ គឺ​ត្មាត​ភ្លើង​ ត្មាត​ត្នោត និង​ត្មាត​ផេះ​។ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិដោយក្រុមការងារអភិរក្សសត្វត្មាត កម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ ក្បាល ត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល។ តាមមន្ត្រីជំនាញ ចាប់ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់​​បច្ចុប្បន្ន​ ចំនួនសត្វត្មាតទាំងបីប្រភេទមានចន្លោះពី ១២០ ទៅ ១៤០ ក្បាល៕

ប្រភព៖ ក្រសួងបរិស្ថាន

Share.