បទចម្រៀងក្នុងរឿង «ទុំទាវ» ដែលច្រៀងនិងសម្ដែងឡើងវិញដោយតារាចម្រៀងខ្មែរ-បារាំង តូនី កែវ (Tony Keo) និងជនជាតិបារាំងកញ្ញា Sandrine កំពុងតែល្បីល្បាញនិងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក។
បទចម្រៀងមានចំណងជើងថា «ភ័យអ្វីម្ល៉េះ» ដែលជាបទដកស្រង់ចេញពីរឿង «ទុំទាវ» ឆក់បាននូវការចាប់អារម្មណ៍ខ្លាំងពីហ្វេនៗព្រោះមិនត្រឹមតែបកស្រាយជាភាសាខ្មែរនោះទេ បទចម្រៀងនេះក៏មានការតុបតែងខ្លួនជាសំលៀកបំពាក់ខ្មែរឱ្យស៊ីទៅនឹងអត្ថន័យនៃបទចម្រៀងនេះផងដែរ។
វីដេអូបទចម្រៀងរបស់តារាចម្រៀងរូបនេះ ទទួលបានការស្វាគមន៍និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗ ប៉ុន្តែក៏មានហ្វេនមួយចំនួនបានលើកឡើងដែរថា ប្រជាជនខ្មែរយើងគាំទ្របរទេសស្លៀកពាក់ខ្មែរ តែរិះគន់ជាន់ពន្លិចប្រសិនបើខ្មែរស្លៀកសំលៀកបំពាក់ឬ ប្រើស្ដាលយ៍បរទេស។
ក្នុងនោះអតីតបវរកញ្ញាឯកចក្រវាឡ រឿន ណាត ក៏អត់ទ្រាំមកផ្លែផ្កាខ្លីៗតែចាក់ដោតចំពោះបទចម្រៀងខាងលើនេះដែរថា៖ «ខូចវប្បធម៌បរទេសហើយ»។
ងាកមកលោក តូនី កែវ ដែលជាអ្នកចម្រៀងបានលើកយកបទនេះមកបកស្រាយឡើងវិញក៏បានលើកឡើងដែរថា «បរទេសស្រលាញ់វប្បធម៌ខ្មែរណាស់» ព្រមទាំង Comment បែបលេងសើចជាមួយនឹងហ្វេនៗទៀតថា យាយាផាន់បារាំងកាចជាងយាយផាន់ខ្មែរទៀត។
សូមជំរាបថាលោក តូនី កែវ កូនខ្មែរ-បារាំង តែងតែបង្ហោះវីដេអូចែករំលែកបទចម្រៀង ជាពិសេសគឺវីដេអូច្រៀង វីដេអូរាំ របស់ជនជាតិបារាំងមកចែករំលែកលើបណ្ដាញសង្គមពិសេសផេករបស់លោកជាញឹកញាប់ បង្ហាញឱ្យឃើញពីមោទកភាពជាតិមួយដែលសិល្បៈខ្មែរត្រូវបានលោកព្យាយាមផ្សព្វផ្សាយនិងបញ្ជ្រាបគ្រប់ទំរង់៕