បទ​ចម្រៀង​ក្នុង​រឿង​​ «ទុំទាវ» ដែល​ច្រៀង​និង​សម្ដែង​​ឡើង​វិញ​ដោយ​តារា​ចម្រៀង​ខ្មែរ​-បារាំង​ តូនី​ កែវ (Tony Keo) និង​​ជនជាតិ​បារាំង​កញ្ញា​ Sandrine កំពុង​តែ​ល្បីល្បាញ​និង​មាន​​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​លេង​បណ្ដាញសង្គម​ហ្វេសប៊ុក​។

បទ​ចម្រៀង​​មាន​ចំណង​ជើង​ថា​ «ភ័យ​អ្វី​ម្ល៉េះ​» ដែល​ជា​បទ​ដក​ស្រង់​ចេញ​ពី​រឿង​ «ទុំទាវ» ឆក់​បាន​នូវ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ហ្វេន​ៗ​ព្រោះ​​មិន​ត្រឹម​តែ​បក​ស្រាយ​ជា​ភាសា​ខ្មែរ​នោះ​ទេ​ បទ​ចម្រៀង​នេះ​ក៏​មាន​ការ​តុបតែង​ខ្លួន​ជា​សំលៀកបំពាក់​ខ្មែរ​ឱ្យ​ស៊ី​ទៅ​នឹង​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ផង​ដែរ​។

វីដេអូ​បទ​ចម្រៀង​របស់​តារា​ចម្រៀង​​រូបនេះ ​ទទួល​បាន​ការ​ស្វាគមន៍​និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ហ្វេន​ៗ ប៉ុន្តែ​ក៏​មាន​ហ្វេន​មួយ​ចំនួន​បាន​លើក​ឡើង​ដែរ​ថា​ ប្រជាជន​ខ្មែរ​យើង​គាំទ្រ​បរទេស​ស្លៀក​ពាក់​ខ្មែរ តែ​រិះគន់​ជាន់​ពន្លិច​ប្រសិន​បើ​ខ្មែរ​ស្លៀក​​​​​សំលៀក​បំពាក់​ឬ​ ប្រើ​ស្ដាលយ៍បរទេស​។

ក្នុង​នោះ​អតីត​បវរកញ្ញា​ឯក​ចក្រវាឡ​ រឿន ណាត ​ក៏​អត់​ទ្រាំ​មក​ផ្លែ​ផ្កា​ខ្លីៗ​តែ​ចាក់ដោត​ចំពោះ​បទ​ចម្រៀង​ខាង​លើ​នេះ​ដែរ​ថា​៖ «ខូច​វប្បធម៌​បរទេស​ហើយ​»។

ងាក​មក​លោក​ តូនី កែវ ដែល​ជា​អ្នក​ចម្រៀង​បាន​លើក​យក​បទ​នេះ​មក​បកស្រាយ​ឡើង​វិញ​ក៏​បានលើក​ឡើង​ដែ​រ​ថា​ «បរទេស​ស្រលាញ់​វប្បធម៌​ខ្មែរ​ណាស់​» ព្រម​ទាំង​ Comment បែប​លេង​សើច​ជា​មួយ​នឹង​ហ្វេន​ៗ​ទៀត​ថា​ យាយាផាន់​បារាំង​កាច​ជាង​យាយ​ផាន់​ខ្មែរ​ទៀត​។

សូម​ជំរាប​ថា​លោក​ តូនី កែវ​ កូន​ខ្មែរ​-បារាំង​ តែងតែ​បង្ហោះ​វីដេអូ​ចែក​រំលែក​បទ​ចម្រៀង​ ជា​ពិសេស​គឺ​វីដេអូ​ច្រៀង​ វីដេអូ​រាំ​ របស់​ជនជាតិ​បារាំង​មក​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ពិសេស​ផេក​របស់​លោក​ជាញឹក​ញាប់​ បង្ហាញ​ឱ្យ​ឃើញ​ពី​មោទកភាព​ជាតិ​មួយ​ដែល​សិល្បៈ​ខ្មែរ​​ត្រូវ​បាន​លោក​ព្យាយាម​ផ្សព្វផ្សាយ​និង​បញ្ជ្រាប​គ្រប់​ទំរង់​៕

Telegram-Troryorng
Share.