ប្រទេស​អ៊ីតាលី​៖ ស្ត្រី​ជា​ផលិតករ​ភាពយន្ត​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​បាន​រត់​គេច​ពី​ក្រុម​ជ្រុលនិយម​តាលីបង់​បាន​អង្វរ​ឱ្យ​ពិភពលោក​កុំ​បំភ្លេច​ជនជាតិ​អាហ្វហ្គានីស្ថាន​ ហើយ​ជួយ​គាំទ្រ​សិល្បករ​ជនជាតិ​នេះ​ផង​។

ក្នុង​ពេល​ដែល​ខ្លួន​ទទួល​បាន​ឱកាស​ថ្លែង​ក្នុង​កម្មវិធី​បុណ្យ​ភាពយន្ត​ទីក្រុង​ Venice នា​ប្រទេស​អ៊ីតាលី​ ស្ត្រី​ជា​អ្នក​ផលិតភាពយន្ត​បាន​បង្ហាញ​ពី​ក្ដី​កង្វល់​​ព្រម​ទាំង​ព្រមាន​ថា​ប្រទេស​ដែល​បាត់​បង់​វប្បធម៌​ប្រៀប​ដូច​ជា​ប្រទេស​មួយ​បាត់​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ដូច្នោះ​ដែរ​។​

លោក​ស្រី​ Sahraa Karimi ស្ត្រី​​ទីមួយ​ដែល​បាន​កាន់​តួ​នាទី​ជា​ប្រធាន​អង្គភាព​ភាពយន្ត​ប្រទេស​អាហ្វហ្គានីស្ថាន​ ក្នុង​ខណៈ​រៀបរាប់​ពី​ស្ថានភាព​ផ្សេង​ៗក៏​ដូច​ជា​និយាយ​ដល់​ការ​បាត់បង់​ និង​សោកនាដកម្ម​នានា​ដែល​ប្រជាជន​ខ្លួន​បាន​ជួប​ប្រទះ​ក្រោយ​ក្រុម​តាលីបង់​បាន​ចូល​មក​គ្រប់​គ្រង​និង​ក្ដោបក្ដាប់​ប្រទេស​ជាតិ​ខ្លួន​ ប្រាប់​ដល់​អ្នក​កាសែត​​អ្នក​ស្រី​ស្រាប់​តែ​អួល​ដើម​ក​និង​ខ្សឹកខ្សួល​។

លោក​ស្រី​បាន​និយាយ​ថា​ភាពយន្ត​ជា​ច្រើន​មាន​ទាំង​ Pre Production និង Post Production ការងារ​ ក៏​ដូច​ជា​គម្រោង​ភាពយន្ត​ ត្រូវ​បាន​រាំង​ស្ទះទាំង​អស់​ ជា​ពិសេស​ភាពយន្ត​ដែល​បាន​ផលិតរួចរាល់​ពេល​នេះ​ស្ថិត​ក្នុង​ដៃ​ក្រុម​តាលីបង់​ទាំងអស់​។

ជា​ចុង​ក្រោយ​ស្ត្រី​ជា​ផលិតករ​ភាពយន្ត​រូប​នេះ​បាន​លើក​ឡើង​យ៉ាង​ខ្លី​ថា​៖ «សាក​ស្រមៃ​ទៅ​មើល​ប្រទេស​ដែល​គ្មាន​សិល្បករ​ ប្រទេស​ដែល​គ្មាន​អ្នក​ផលិតភាពយន្ត​ តើ​ពួក​គេ​អាច​ការពារ​អត្តសញ្ញាណ​ជាតិ​ដោយ​របៀប​ណា​?»

Telegram-Troryorng
Share.