អភិបាលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី បានណែនាំដល់មន្ទីរអប់រំ និងអភិបាលក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ត្រូវត្រៀមរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលារៀនទាំងអស់ ដើម្បីត្រៀមបើកសាលារៀនឡើងវិញ។ កាលលើកឡើងរបស់ ឯកឧត្តម បែបនេះ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែង និងមើលលើការរៀបចំវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្រុកពារាំង ដើម្បីត្រៀមក្នុងការបើកឲ្យដំណើរការចូលរៀនឡើងវិញ នាពេលខាងមុខនេះ។

កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យអភិបាលរាជធានី – ខេត្ត ត្រូវត្រៀម រៀបចំបើកសាលារៀនឡើងវិញនៅតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងចំនួន តិចនៃជំងឺកូវីដ-១៩។ សាររបស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះ  ឯកឧត្តម ជា សុមេធី បានស្នើដល់អភិបាលក្រុង -ស្រុកទាំង១៣ ត្រូវចុះរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលារៀនទាំងអស់ក្នុងភូមិសាស្ត្រ ក្រុង-ស្រុក នីមួយៗ ជាពិសេស កាលពីកន្លងមក សាលារៀនមួយចំនួន ត្រូវបានយកធ្វើជាកន្លែងសម្រាប់ចត្តាឡីស័ក និងជាកន្លែង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវរៀបចំអោយបាន ស្អាតឡើងវិញ។ 

ទន្ទឹមនិងនេះ អភិបាលខេត្តព្រៃវែង បានស្នើស្នើឲ្យប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ពិនិត្យ និងណែនាំតាមសាលានីមួយៗ ជាពិសេស នាយកសាលា នីមួយៗ ត្រូវសហការជាមួយនឹងមន្ទីរពេទ្យបង្អែក ការិយាល័យអប់រំស្រុក និងអភិបាលស្រុកនិមួយៗ ដើម្បីពិនិត្យ និងវាយតម្លៃមើលលទ្ធភាពទីតាំងដែលមានហានិភ័យទាប ហានិភ័យមធ្យម និងហានិភ័យខ្ពស់មុននឹងស្នើសុំបើក សាលាឡើងវិញ។

ឯកឧត្តម ជា សុមេធី ក៏បានជំរុញដល់អភិបាលក្រុង – ស្រុក និងមន្ទីរពាក់ព័ន្ធត្រូវបន្តអប់រំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ៣ការពារ និង ៣កុំ ឲ្យបានគ្រប់ៗគ្នាដើម្បីរួមគ្នា បង្ការ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី ឌែលតា (Delta) ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងខណៈដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៍ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នាផងដែរ៕

Share.