ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ចូលចិត្តហូបស្រាជាប្រចាំ ក្រុមគ្រួសារហាមប្រាប់ តែមិនស្តាប់ ឲ្យតែបានផឹកសុខចិត្តអត់បាយ ទីបំផុតគាំងបេះដូងស្លាប់ ចោលប្រពន្ធ កូន នៅបន្ទប់ជួលលេខ៣ ជាន់ទី១ ផ្លូវលំ ក្រុម៤ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។

សពមានឈ្មោះ ជូ ហឿនសុភា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិត្នោត ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ មានប្រពន្ធឈ្មោះ ហាប់ ឈាន អាយុ៤៦ឆ្នាំ មុខរបរ កម្មករផ្នែកអនាម័យ ស្នាក់នៅបន្ទប់ជួល សង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ ។ មានកូនប្រុសម្នាក់ រស់នៅជាមួយជីតា នៅឯស្រុកកំណើត ។

តាមក្រុមគ្រួសារបានឲ្យដឹងថា សពរងគ្រោះ គាត់ស្នាក់នៅបន្ទប់ជួលម្នាក់ឯង តែមានសាច់ញាតិបងប្អូន ជួលបន្ទប់ស្នាក់នៅក្បែរនោះដែរ ចំណែកឯប្រពន្ធ ស្នាក់នៅ ធ្វើការងារ នៅឯសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

ក្រុមគ្រួសារបន្តទៀតថា សពគាត់រាល់ថ្ងៃទៅហើយ ផឹកជាប្រចាំ ស្រាឡាញ់ស្រាជាងក្រុមគ្រួសារ ជាងបនរពន្ធកូន ហាមលែងស្តាប់ ក្នុងមួយថ្ងៃគិតជាមធ្យម៦ដប ស្មើ៣លីត្រ ហើយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមុិញនេះ សពរងគ្រោះ មិនបានទៅធ្វើការងារទេ ដោយសារស្រវឹងជ្រុល សង្ងំនៅក្នុងបន្ទប់ សុខចិត្តអត់ហូបហាយ រហូតដល់ល្ងាចបងប្អូន សាច់ញាតិ ដែលនៅបន្ទប់ជាប់នោះ វិលមកពីធ្វើការវិញ ឃើញជនរងគ្រោះផឹកបន្តទៀត ហៅឲ្យហូបបាយក៏មិនហូប រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះងើបដាស់ហៅផ្អើលគេឯង ថាអត់ស្រួលខ្លួន ក្តីអន្ទះអន្ទែង ត្រូវបានក្រុមគ្រួសារ បងប្អូន ជួយតែតែមិនអាចសង្គ្រោះបាន ដល់វេលាម៉ោង៣ទៀបភ្លឺ ជនរងគ្រោះស្លាប់បាត់ ។

ករណីខាងលើ បើតាមការសន្និដ្ឋានពីសមត្ថកិច្ច ស្លាប់ដោយគាំងបេះដូង ដើមចមដោយសារហូបស្រាលើកកម្រិត មិនហូបបាយ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ក្រោយពីពិនិត្យ តេស្តសំណាករួច អវិជ្ជមានកូវីដ១៩ ហើយក្រុមគ្រួសារក៏មិនប្តឹងផ្តល់អ្វីដែរ ទើបសមត្ថកិច្ចធ្វើឯកសារ ដើម្បីប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

Share.