ភ្នំពេញ ៖ ក្មេងប្រុស២នាក់បងប្អូន ខណៈដែលឪពុកម្តាយរវល់ចេញទៅធ្វើការងារបាត់  នាំគ្នាទៅស្ទូចត្រី ឆ្លៀតចុះលេងទឹកប្រឡាយ រអិលជើងធ្លាក់លង់លិចបាត់ ស្លាប់ទាំង២នាក់ បន្សល់ទុកតែស្បែកជើង បង្កឲ្យភ្ញាក់ផ្អើល នៅតាមប្រឡាយបង្ហូររំដោះទឹក ដែលអាជ្ញាធរទើបកាយថ្មីៗ ស្ថិតនៅអមផ្លូវរថភ្លើង ក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។

កុមាររងគ្រោះទាំង២នាក់បងប្អូន ទី១ ឈ្មោះ ជា សេងហុង ភេទប្រុស អាយុ៧ឆ្នាំ មានឪពុកឈ្មោះ ជា ពិសិដ្ឋ មុខរបរ យោធា មានម្តាយឈ្មោះ មឿន ធារ៉ា មុខរបរ កម្មការនីរោងចក្រ កុមារងគ្រោះជាកូនពៅក្នុងចំណោមបងប្អូន២នាក់ ប្រុស១នាក់ ស្រី១នាក់ មានទីលំនៅក្បែរកន្លែងកើតហេតុ ។ ចំណែកកុមារា រងគ្រោះឈ្មោះ ជា លីហ័រ ភេទប្រុស អាយុ៦ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាកូនពៅក្នុងចំណោមបងប្អូនប្រុស២នាក់ ទើបមកលេងបាន៣ថ្ងៃ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ក្មេងប្រុសឈ្មោះ ជា លីហ័រ ទើបតែមកលេងបាន៣ថ្ងៃ ហើយនៅថ្ងៃកើតហេតុនេះ ឪពុកជាម្ចាស់ផ្ទះរបស់ចេញទៅធ្វើការងារតាមខេត្តបាត់ រីឯម្តាយជាប់រវល់ចេញទៅធ្វើការងាររោងចក្របាត់ដែរ ចំណែកកូនស្រីម្នាក់អាយុ១០ឆ្នាំ ក៏ចេញទៅរៀន នៅចាំផ្ទះតែ ក្មេងរងគ្រោះ២នាក់បងប្អូូន លុះនៅវេលាម៉ោង១រសៀល បងស្រីរបស់ក្មេងរងគ្រោះវិលមកដល់ផ្ទះមិនឃើញប្អូនៗ ក៏ដើររកតែមិនឃើញ លុះទៅតាមរកមើលកន្លែងមាត់ប្រឡាយវាលស្រែ ក្បែរផ្ទះ ចំងាយជាង១០០ម៉ែត្រ ក៏ប្រទះឃើញស្បែកជើង និងដងសន្ទូច ទើបឆោឡោ សង្ស័យថាលង់ទឹក ផ្អើលអ្នកភូមិនាំគ្នា ជួយយកសំណាញ់ អួនចុះអូស រាវ រហូតដល់វេលាម៉ោង៣និង៣០នាទីរសៀល ប្រទះឃើញសព ក្មេងរងគ្រោះឈ្មោះ ជា លីហ័រ ចំណែកក្មេងឈ្មោះ ជា លីហុង ប្រជាពលរដ្ឋ សមត្ថកិច្ច នៅបន្តរាវរក តែមិនទាន់ឃើញនៅឡើយ ។

ក្មេងរងគ្រោះម្នាក់ ក្រោយពីរកឃើញសពក្មេងម្មាក់ ត្រូវបានក្រុមគ្រួសារ បីត្រកងលើកយកទៅផ្ទះក្បែរនោះ ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ប្រឡាយមួយខ្សែនេះ ត្រូវបានអាជ្ញាធរ កាយថ្មីៗ ទទឹង៣ម៉ែត្រ ជម្រៅ៤ម៉ែត្រ គ្មានជើងទេ គ្មានទំនប់ភ្លឺ ស្របជាមួយផ្លូវរថភ្លើង ដើម្បីបង្ហូររំដោះទឹក ដល់ទឹកពេញប្រឡាយ ស្មើនេងទឹកស្រែ មើលមិនដឹងថាមាត់ប្រឡាយ យ៉ាងណានោះទេ ។

ហេតុការណ៍ខាងលើ រហូតដល់យប់ថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយអង្គការ CPU ចុះទៅដល់ទីតាំងខាងលើ តែការរាវរកនៅតែមិនទាន់ឃើញ ក្មេងរងគ្រោះម្នាក់នៅសល់ ៕

Share.