យោង​តាម​ប្រកាស​ផេក​ផ្លូវការ​របស់​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​មួយ​​របស់​កម្ពុជា​ Miss Grand Cambodia 2021 នឹង​ធ្វើ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២១ ខាង​មុខ​នេះ​ហើយ​។

កម្មវិធី​ប្រកួត​សម្រស់​​ដែល​តម្រូវ​ឱ្យ​បេក្ខភាព​ចូលរួម​ប្រកួត​ត្រូវ​​តែ​ជា​នារី​នៅ​លីវ មាន​អាយុ​ចាប់​ពី​១៨​ដល់​២៧​ឆ្នាំ​ មាន​កម្ពស់​ចាប់​ពី​១,៧០​សង់​ទីម៉ែត្រ​ មាន​ចំណេះដឹង​ចប់​បាក់ឌុប (ថ្នាក់​ទី​១២) ហើយ​មាន​ចំណេះដឹង​ភាសាបរទេស​ (អង់គ្លេស​) អាច​ប្រើ​ការ​បាន​ ជា​ពិសេស​ត្រូវ​មាន​អត្តចរិត​ស្លូតបូត​ សុភាពរាបសារ​ និង​ចេះ​គោរព​ពេល​វេលា​ធ្វើ​ការងារ​។

កម្មវិធី​នេះ​បាន​ទទួល​ពាក្យ​ប្រកួត​ចាប់​តាំង​ពី​​ថ្ងៃ​ទី​០១ ខែកក្កដា ដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ ដោយ​កំណត់​យក​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា​ ជា​​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​។

កម្មវិធី​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​កង​យោធពល​ខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥​ និង​ផេក​ផ្លូវ​​ការ​ Miss Grand Cambodia ក៏​ដូច​ជា​ Channel Youtube Miss Grand Cambodia រយៈ​ពេល​៥​ម៉ោង​ពេញ ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង​៧ យប់​រហូត​ដល់​ម៉ោង​១១​យប់​។

រំលឹក​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០២០ កញ្ញា​ សេង រដ្ឋា គឺ​ជា​ម្ចាស់​មកុដ​ Miss Grand Cambodia 2020 ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​ចម្រូង​ចម្រាស់​ជាមួយ​នឹង​លោក​ អ៊ិន សុភិន ធ្វើ​ឱ្យ​កញ្ញារបូត​មកុដ​នេះ​ឱ្យ​ទៅ​ស្រី​ស្អាត​ លីវ ជីលី​ ក្ដោប​តំណែង​ចេញ​ទៅ​ប្រកួត​​នៅ​ប្រទេស​ថៃ​ជំនួស​វិញ​។

Miss Grand International ឆ្នាំ​២០២១ នេះ​ បាន​ប្រាកដ​ថានឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​នាទឹក​ដី​ខេត្ត​មាត់​សមុទ្រ​ ភូកេត ព្រះរាជាណាចក្រថៃ​ បន្ទាប់​មាន​ដំណឹង​​ថា​អាច​នឹង​ធ្វើ​នៅ​ប្រទេស​ ឥណ្ឌូនេស៊ី ​ហ្វីលីពីន​ និង​កម្ពុជា​កន្លង​មកម៕

Telegram-Troryorng

Share.