
ក្លិបបាល់ទាត់ Rajpracha F.C ដែលទើបដណ្តើមកៅអីឡើងមកលេងក្នុងលីគលំដាប់ទី២របស់ប្រទេសថៃ (Thai League 2) បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ នេះថាលោក Dusit Chalermsan គ្រូបង្វឹកដែលទើបជួយក្រុម BG Pathum United លើកពានរង្វាន់លីគកំពូលប្រទេសថៃ នឹងចូលដឹកនាំក្រុមខ្លួនសម្រាប់រដូវកាលឆ្នាំ២០២១-២០២២ ខាងមុខ។
បុរសវ័យ៥១ឆ្នាំខាងលើបានចាកចេញពីក្លិបបាល់ទាត់ BG Pathum United ដោយតែតម្រូវការរបស់ក្លិបដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់ធំប្រចាំទ្វីបអាស៊ី AFC Champion League ឆ្នាំ២០២២ ខាងមុខគឺគ្រូបង្វឹកត្រូវមានអាជ្ញាប័ណ្ណកម្រិតខ្ពស់ ស្របពេលដែលលោកមានអាជ្ញាប័ណ្ណកម្រិត AFC B License ប៉ុណ្ណោះ។ ក្លិបBG Pathum United បានត្រៀមយកប្រធានក្រុមជម្រើសជាតិអូស្ត្រាលី លោក Aurelio Vidmar មកដឹកនាំជំនួសកៅអីដែលទំនេរនេះ។
ក្លិបបាល់ទាត់ Rajpracha F.C ជាបេក្ខភាពក្នុងចំណោម៣ក្រុមឡើងមកបំពេញក្នុងពានរង្វាន់លីគលំដាប់ទី២ប្រទេសថៃ ខណៈក្លិបនេះធ្លាប់មានប្រវត្តិសាស្ត្រល្អណាស់កាលពីអតីតកាល។ កាលពីជិត៥០ឆ្នាំមុនក្លិបនេះធ្លាប់បាននាំយកលោក ប៉ែន ផាត អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា នៅជំនាន់ទៅចូលរួមក្រុមផងដែរចន្លោះពីឆ្នាំ១៩៧២ដល់១៩៧៧ មុនលោកបន្តចាកចេញទៅរស់នៅប្រទេសបារាំង អំឡុងប្រទេសកម្ពុជា មានសង្គ្រាម៕