ក្លិប​បាល់ទាត់ Rajpracha F.C ដែល​ទើប​ដណ្តើម​កៅអី​ឡើង​មក​លេង​ក្នុង​លីគ​លំដាប់​ទី២​របស់​ប្រទេស​ថៃ (Thai League 2) បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នេះ​ថា​លោក Dusit Chalermsan គ្រូ​បង្វឹក​ដែល​​ទើប​ជួយ​ក្រុម BG Pathum United លើក​ពានរង្វាន់​លីគ​កំពូល​ប្រទេស​ថៃ នឹង​ចូល​ដឹកនាំ​ក្រុម​ខ្លួន​​សម្រាប់​រដូវកាល​ឆ្នាំ​២០២១-២០២២ ខាង​មុខ។

បុរស​វ័យ​៥១​ឆ្នាំ​ខាង​លើ​បាន​ចាកចេញ​ពី​ក្លិប​បាល់ទាត់ BG Pathum United ដោយ​តែ​តម្រូវការ​របស់​ក្លិប​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ធំប្រចាំ​ទ្វីប​អាស៊ី AFC Champion League ឆ្នាំ​២០២២ ខាង​មុខ​គឺ​គ្រូ​បង្វឹក​ត្រូវ​មាន​អាជ្ញាប័ណ្ណ​កម្រិត​ខ្ពស់ ស្រប​ពេល​ដែល​លោក​មាន​អាជ្ញាប័ណ្ណ​កម្រិត AFC B License ប៉ុណ្ណោះ។ ក្លិប​BG Pathum United បាន​ត្រៀម​យក​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី លោក Aurelio Vidmar មក​ដឹកនាំ​ជំនួស​កៅអី​ដែល​ទំនេរ​នេះ។

ក្លិប​បាល់ទាត់ Rajpracha F.C ជា​បេក្ខភាព​ក្នុង​ចំណោម​​៣ក្រុម​ឡើង​មក​បំពេញ​ក្នុង​ពានរង្វាន់​លីគ​លំដាប់​ទី២​ប្រទេស​ថៃ ខណៈ​ក្លិប​នេះ​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ល្អ​ណាស់​កាល​ពី​អតីតកាល។ កាល​ពី​ជិត​៥០ឆ្នាំ​មុន​ក្លិប​នេះ​ធ្លាប់​បាន​នាំ​យក​លោក ប៉ែន ផាត អតីត​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នៅ​ជំនាន់​ទៅ​ចូលរួម​ក្រុម​ផង​ដែរ​ចន្លោះ​ពី​ឆ្នាំ​១៩៧២​ដល់​១៩៧៧ មុន​លោក​បន្ត​​ចាកចេញ​ទៅ​រស់​នៅ​ប្រទេស​បារាំង អំឡុង​ប្រទេស​កម្ពុជា មាន​សង្គ្រាម៕

Share.