ប៉េកាំង៖ តារា​សម្ដែង​ស្រី​ដ៏​ល្បី​និង​ជា​សេដ្ឋិនី​ប្រចាំ​ស្រុក​ចិន​ Vicki Zhao ហៅ​ត្រចៀក​កាំ​ បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ឡើង​វិញ​ក្រោយ​បាត់​មុខ​​​២០​ថ្ងៃ​ នេះ​បើ​យោង​តាម​ការ​រយៈ​ការ​បង្ហោះ​នៅ​លើ​ Platform បណ្ដាញ​សង្គម​ Weibo របស់​ប្រទេស​ចិន​។

ស្ត្រី​​ដ៏​មាន​ប្រជាប្រិយភាព​​តាម​រយៈ​ភាពយន្ត​ភាគ​បុរាណ​ចិន​ My Fair Princess (ព្រះ​នាយ៉េយេ​ឆ្នាំ​១៩៩៨) បាន​បាត់​មុខ​ឈឹង​ចេញ​អ៊ិនធឺណិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​សីហាហ ក្រោយ​សមិទ្ធិផល​ការងារ​របស់​អ្នក​ស្រី​ត្រូវ​បាន​ដក​ចេញ​គ្មាន​សល់​ពី​ Platform នានា​ ពិសេស​សូម្បី​តែ​ប្រធាន​បទ​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ស្រី​ក៏​ត្រូវ​បាន​លុប​ចោល​ខ្ទេច​ពី​លើ​ Weibo ដូច​គ្នា​ដែរ​។

មក​​ដល់​ពេល​នេះ​មិន​ទាន់​មាន​ហេតុផល​ណាមួយ​ត្រូវ​បាន​បញ្ជាក់​អះអាង​នោះ​ទេ​ ក្រោយ​ឈ្មោះ​អ្នក​ស្រី​ត្រូវ​បាន​បញ្ជូន​ក្នុង​បញ្ជី​ខ្មៅ​ ក្នុង​នោះ​ទៀត​សោត​ តារា​សម្ដែង​វ័យ​៤៥​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​អះអាង​ថា​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ខណៈ​មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា​អ្នក​ស្រី​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​បារាំង​ ទៅ​កាន់​តំប់​ដែល​អ្នក​ស្រី​ជា​ម្ចាស់​ចំការ​ទំពាំង​បាយជូ​នៅ​ក្នុង​ទីក្រុង​ Bordeaux ជាមួយ​នឹង​ស្វា​មី​លោក​ Huang Youlong ជាធុរជន​ដ៏​ល្បី​និងមាន​ទ្រព្យ​។

យ៉ាង​ណា​មិញ​រូប​ភាព​របស់​ ត្រចៀកកាំ​ ត្រូវ​គេ​ថត​បាន​នៅ​ក្នុង​ស្រុក​កំណើត​របស់​អ្នក​ស្រី​នា​ក្រុង Wuhu ក្នុង​ខេត្ត​ Anhui កាល​ពី​រាត្រី​ទី​១៤​ ត្រូវ​នឹង​ថ្ងៃ​អង្គារ​ ខែ​កញ្ញា​ ឆ្នាំ​២០២១ ​ត្រូវ​បាន​ផុស​ចែល​រំលែក​ពេញ​អ៊ិនធឺិណិត​។ ក្នុង​រូប​នោះ​​ ឃើញ​ត្រចៀក​កាំ​​ពាក់មួក​ និង​ស្លៀក​សំលៀក​បំពាក់​សាមញ្ញា​ ដោយ​ពាក់​អាយឺត​ពណ៌​ស្វាយ​និង​ខោខ្លីពណ៌បៃតងខ្ចី​។ រូប​មួយ​ទៀត​ អ្នក​ស្រី​អង្គុយ​លើ​កៅអី​ដែល​មាន​សរសេរ​ជា​ភាសា​ចិន​ថា​ «នាយកដ្ឋាន​បម្រើ​សេវាកម្ម​អតិថិជន​សម្រាប់​រដ្ឋាភិបាល​និង​សហគ្រិន»

អ្នក​គាំទ្រ​ខ្លះ​បាន​អះអាង​ថា​ការ​ចោទ​ប្រកាន់​ទៅ​លើ​តារា​ស្រី​រូប​នេះ​គ្មាន​មូលដ្ឋាន​គ្រប់​គ្រាន់​ ខណៈ​អ្នក​ខ្លះ​ទៀត​​ឆ្ងល់​ថា​រូបភាព​ដែល​​ថត​បាន​នៅ​មុន​ពេល​ថ្ងៃ​ទី​២៦​ ខែ​សីហា​ ព្រោះ​សង្កេត​ឃើញ​ថា​មិនមាន​បុគ្គល​បម្រើ​ការងារ​ពាក់​ម៉ាស​ ខណៈ​ដែល​ថ្មីៗ​នេះ​ជំងឺ​កូវីដ​-១៩ បាន​ផ្ទុះ​ឡើង​ជា​ថ្មី​។

តារា​សម្ដែង​រូប​នេះ​ធ្លាប់​បាន​ផុស​រូប​ចំនួន​៣​សន្លឹក​កាល​ពី​ថ្ងៃ​ទី ​២៩​ ខែ​សីហា ដែល​បង្ហាញ​ថា​អ្នក​ស្រី​ស្ថិត​នៅ​ក្នុង​ក្រុង​ប៉េជីង ប៉ុន្តែ​លុប​ចេញ​វិញ​។

នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ ត្រចៀក​កាំ​ បាន​ជូនពរ​អ្នក​ដឹកនាំ​ល្បី​ Li Mengqiao «រីករាយ​ថ្ងៃ​ទី​កំណើត​» នៅ​លើ​ Weibo ទោះ​ជា​ថ្ងៃ​កំណើត​របស់​អ្នក​ដឹកនាំ​រូប​នេះ​តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា​មក​ម្លេះ ប៉ុន្តែ​ផុស​នោះ​បាន​លុបចេញ​វិញ​។

ការ​បង្ហាញ​វត្តមាន​របស់​តារា​នេះ​ទោះ​ជា​ក្នុង​រយៈ​ពេល​មួយ​ខ្លី​​នៅ​លើ​អ៊ិនធឺណិត​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បាន​ធូរ​ចិត្ត​ ព្រោះ​​បាន​សេចក្ដី​ថា​តារា​ស្រី​រូប​នេះ​សុខ​ទុក្ខ​ធម្មតា​៕

Telegram-Troryorng
Share.