កញ្ញា ប៊ី សុធារី Miss Charm Cambodia បានចេញមកបង្ហោះសារថាខ្លួនមិនចេញក្រៅនោះទេព្រោះក្នុងចំណោមកងទ័ពអាវស កងរាជអាវុធហត្ថ មន្ត្រីយោធា និង មន្ត្រីគ្រប់ជាន់ថ្នាក់ដែលកំពុងបំរើប្រជាពលរដ្ឋមានបុរសសំខាន់ក្នុងជីវិតកញ្ញាពីរនាក់នៅក្នុងនោះ។
កញ្ញា ប៊ី សុធារី បច្ចុប្បន្នកំពុងតែសម្ងំខ្លួនហ្វឹកហាត់ដុះខាត់សមត្ថភាព ជារៀងរាល់ថ្ងៃដើម្បីត្រៀមខ្លួនចេញទៅប្រកួតនៅប្រទេសវៀតណាមដើម្បីដណ្ដើមមុខមាត់និងកិត្តិយសជាតិដោយមិនហ៊ានធ្វេសប្រហែសឡើយ។
កញ្ញាព្យាយាមហ្វឹកហាត់នៅផ្ទះដោយគោរពទៅតាមគោលការណ៍វិធានអនាម័យរបស់ក្រសួងសុខាភិបាល ទីមួយដើម្បីរក្សាសុខភាពខ្លួនឱ្យបានល្អត្រៀមចូលរួមប្រកួតក្នុងវេទិកាដ៏ធំនាចុងឆ្នាំ២០២១នេះ ទីពីរព្រោះកញ្ញាយល់ច្បាស់ពីទុក្ខលំបាកដែលក្រុមការងារបានបំពេញដើម្បីរក្សាសុខសុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ ហេតុអ្វីបានជា ប៊ី សុធារី យល់ច្បាស់យ៉ាងនេះ? ព្រោះកញ្ញាមានលោកឪពុកបង្កើតនិងប្អូនប្រុសជាកងទ័ពជួរមុខ កំពុងកាតព្វកិច្ចជារៀងរាល់ថ្ងៃ។ កញ្ញាក៏បានចែករំលែករឿងនេះតាមរយៈសំណេរមួយលើបណ្ដាញសង្គមផងដែរ។
«ខ្ញុំនៅផ្ទះមិនចេញទៅណាព្រោះខ្ញុំចាំថានៅក្នុងចំណោមទ័ពអាវស កងរាជអាវុធហត្ថ មន្រ្តីយោធា និងមន្រ្តីគ្រប់ជាន់ថ្នាក់ដែលកំពុងបំរើដល់ប្រជាពលរដ្ធទាំងយប់ទាំងថ្ងៃ ក្នុងនោះក៏មានប៉ាខ្ញុំម្នាក់ និងប្អូនប្រុសពៅខ្ញុំម្នាក់ដែលកំពុងបំពេញភារកិច្ចជូនប្រជាជននៅខាងក្រៅដែលមិនបានមកផ្ទះ1ខែហើយ ពួកគាត់ដើម្បីយើង ពួកគាត់ពិតជាហត់នឿយណាស់ ពួកគាត់ពិតជានឹកផ្ទះ នឹកប្រពន្ធនឹកកូន ចង់មកផ្ទះជួបជុំគ្រួសារណាស់ ចុះពួកយើងដែលបាននៅផ្ទះជួបជុំគ្រួសារហើយ ទោះមិនអាចជួយអ្វីបានច្រើនយ៉ាងហោចណាស់ក៏ជួយនាំគ្នាថែរក្សាសុខភាពអោយបានល្អ បើអាចកុំចេញក្រៅផ្ទះ ពាក់ម៉ាស់ បាញ់អាកុល រក្សាគម្លាត ប៉ុននឹងធ្វើបានទេ? ដើម្បីខ្លួនឯង ដើម្បីមនុស្សដែលយើងស្រលាញ់ ដើម្បីមនុស្សជុំវិញខ្លួនយើង និងដើម្បីប្រទេសយើងត្រលប់មករកសភាពធម្មតាវិញ ។សូមទេវតាជួយថែរក្សា ប៉ា ប្អូន និង បងប្អូនទាំងអស់គ្នាដែលកំពុងបំពេញភារកិច្ច អោយមានសុខភាពល្អ និងត្រលប់មកផ្ទះវិញដោយសុខសុវត្ថិភាព»។
កញ្ញា ប៊ី សុធារី គឺជា Miss Charm Cambodia 2020 កញ្ញានឹងទៅចូលរួមប្រកួតកម្មវិធី Miss Charm International 2020 នៅប្រទេសវៀតណាម ដោយកម្មវិធីនឹងប្រព្រឹត្តឡើងនៅក្នុងទីក្រុង ហូជីមីញ នៅថ្ងៃទី១១ ខែតុលាឆ្នាំ២០២១ ខាងមុខនេះ៕
